ទីបញ្ជាការព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ លោកស្រី ហ៊ីង សុខលាភ តំណាងឱ្យ សប្បុរស ជន បាននាំយកនូវ គ្រឿងឧបភោគ បរិភោគ និងថវិកា មកប្រគល់ជូនដល់នាយ-ពលទាហាន ប្រចាំការទិសទី១ ប្រាសាទព្រះវិហារ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ ឯក ណុប រ័ត្ន និមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
ក្នុងឱកាសនោះផងដែរ លោក ឧត្ដមសេនីយ៍ ឯក ណុប រ័ត្ន និមល បាន ពាំនាំ នូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោក នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ចំពោះ សប្បុរសជន ដែលបានចំណាយ ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា -ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការ ស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាព ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរដល់សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡេីយ។
សូមបញ្ជាក់ថា ៖ កន្លងទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ទឹកចិត្តកងទ័ពសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យមានការគិតគូរឱ្យបានច្បាស់លាស់ ទាំងការទទួលយកព័ត៌មាន និងផ្សាយព័ត៌មានផ្សេងៗ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅលើសមរភូមិ អ្នកដែលឆ្លងកាត់ប្រយុទ្ធមិនថា ជំនាន់មុនឬឥលូវភាគីម្ខាងតែងតែបំប៉ោងនូវការស្លាប់របួសរបស់ភាគីម្ខាងទៀត ដើម្បីបំបាក់ស្មារតីម្ខាងទៀត តែខ្លួនឯងអត់បង្ហាញទេ បើស្លាប់១០ប្រាប់ថាមួយ។ ឥលូវប៉ុន្មានថ្ងៃហ្នឹងកាសែតថៃមានដែលបង្ហាញថា គេមានរបួសស្លាប់ប៉ុន្មាននាក់ទេ? គេអត់ទេ គេប្រាប់តែយើងតែបងប្អូនយើងមួយចំនួនគាត់ថា សិទ្ធិក្នុងការសម្ដែងមតិខំទៅយក គាត់ថាឃើញទេ ខ្មែរលាក់ខ្ញុំទៅយកពីថៃមកផ្សាយ»។
ករណីនេះសម្ដេចបានចោទជាសំណួរថា៖ «តើបងប្អូនមានចេតនា ឬក៏មិនយល់ពីចិត្តសាស្រ្តកងទ័ព ខំបង្ហាញអំពីការបាត់បង់របស់កងទ័ពរបស់យើង។ ក្រសួងការពារជាតិ ការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ណាស់នេះគឺជាកត្តាសំខាន់ រឿងការចេញព័ត៌មានអំពីការរបួសស្លាប់ក្រសួងការពារជាតិ ត្រូវចេញមិនមែនជាការលក់ព័ត៌មានទេ ប៉ុន្តែការគិតគូរ ទិន្នន័យ បូកនឹងពេលវេលាឱ្យបានច្បាស់លាស់»៕
ដោយ ៖ សិលា