នាវាផ្ទុកយន្តហោះចម្បាំង២ក្រុម និងនាវារាប់សិបគ្រឿងផ្សេងទៀត របស់ចិន ទៅដែនទឹកជុំវិញកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមិថុនាបានផ្សាយថា មន្រ្តីសន្តិសុខតៃវ៉ាន់មួយរូប បានឱ្យដឹងថា ចិនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង២ក្រុម រួមជាមួយនាវាចម្រុះរាប់សិបគ្រឿងផ្សេងទៀត មកកាន់ដែនទឹកនៅភាគខាងជើងនិងខាងត្បូងនៃដែនកោះនេះ កាលពីខែឧសភាកន្លងទៅ។

មន្រ្តីសន្តិសុខតៃវ៉ាន់ខាងលើ បាននិយាយថា នាវាចិនសរុប៧០គ្រឿង រួមមានទាំងនាវាយោធា ត្រូវបានឃ្លាំមើលតាំងពីសមុទ្រលឿង រហូតដល់សមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៧ ខែដដែល។ ជាមួយគ្នានេះដែរ កាលពីអំឡុងខែឧសភា ចិនបានចល័តយន្តហោះយោធាសរុប ៧៥គ្រឿង ចូលរួមធ្វើប្រតិបត្តិការល្បាតពង្រឹងការត្រៀមលក្ខណៈចំនួន ៣លើក ជាមួយកងនាវាយោធា។
មន្រ្តីតៃវ៉ាន់បានយល់ឃើញថា សកម្មភាពរបស់ចិន គឺជាការស្តែងឱ្យឃើញការពង្រីកអំណាចយោធារបស់ខ្លួន ហើយមានគោលដៅពង្រឹងសមត្ថភាពគ្រប់គ្រងតំបន់ខ្សែកោះយុទ្ធសាស្រ្ត ដែលរត់ចាប់ពីកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន រហូតដល់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។ កាលពីខែឧសភា ក៏ជាគម្រប់ខួប១ឆ្នាំ នៃការឡើងកាន់អំណាចរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដែលចិនចាត់ទុកជាបុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អំឡុងវេទិកាសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ចិនកំពុងត្រៀមខ្លួនប្រើប្រាស់កម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ខណៈទីក្រុងប៉េកាំងបានចេញមុខរិះគន់សម្តីលោក Hegseth ហើយព្រមានទីក្រុងវ៉ាស៉ីនតោន កុំឱ្យប្រឡែងលេងជាមួយភ្លើង ជុំវិញបញ្ហាតៃវ៉ាន់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print