សម្តេចតេជោ ហ៊ុន សែន ៖ តើការបោះបង្គោលព្រំដែនកម្ពុជាជាមួយថៃសម្រេចបានវឌ្ឍនភាពប៉ុណ្ណាហើយ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយកាលពីអតីតកាល ហើយកម្ពុជាក៏មិនទាមទារយកដីទាំងនោះត្រឡប់មកវិញដែរ តែកម្ពុជាសុំសិទ្ធិការពារទឹកដីបច្ចុប្បន្នរបស់ខ្លួនតែប៉ុណ្ណោះ ពោលគឺកម្ពុជាមិនអនុញ្ញាតឱ្យនរណាមកដណ្តើមយកទឹកដីខ្លួនបន្តទៀតបានទេ។ សម្តេចតេជោបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ «សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១»។

 

នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសបញ្ជាក់ថា កម្ពុជាបានធ្វើការចរចារជាមួយវៀតណាម ដោយបានបោះបង្គោលព្រំដែនរួចជាស្រេចបានចំនួន ៨៤% នៅសល់ ១៦% ទៀតកំពុងធ្វើការចរចារ។ ទន្ទឹមនេះ កម្ពុជាបានចរចារជាមួយប្រទេសឡាវ ដោយបានបោះបង្គោលព្រំដែនបាន ៨៦% នៅសល់ ១៤% ទៀត កំពុងចរចារដោយស្មារតីគោរពគ្នាទៅវិញទៅមក។

 

ដោយឡែក ជុំវិញការបោះបង្គោលព្រំដែនជាមួយថៃ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា គិតចាប់តាំងពី MOU ឆ្នាំ២០០០ មក គឺមានរយៈពេល ២៥ឆ្នាំហើយដែលយើងពុំទាន់បានធ្វើអ្វីទាំងអស់ ក្រៅតែពីការដើររកបង្គោលព្រំដែនដែលមានស្រាប់ ដែលមានចំនួនតិចតួចតែប៉ុណ្ណោះ។ សម្ដេចតេជោ បានថ្លែងបន្តថា ដូច្នេះហើយចំណុចរសើបទាំងប៉ុន្មាននេះ បើយើងមិនដោះស្រាយទេ គឺវានៅតែបន្តជាបញ្ហាដដែល។ សម្ដេចថា ក៏ប៉ុន្តែយើងមិនអាចយកបញ្ហាដែលនឹងត្រូវប្តឹងផ្តល់មួយនេះ ប្រែទៅជាបញ្ឈប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើគ្រប់វិស័យបានទេ ពីព្រោះរឿងក្តីជារឿងក្តី តែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា បញ្ហាជម្លោះព្រំដែន បើមិនប្តឹងទៅភាគីអន្តរជាតិទេ ប្រើពេលរាប់សិបរាប់រយឆ្នាំទៀត ក៏ដោះស្រាយមិនចប់ដែរ ហើយបើទោះបីជា កម្ពុជាជ្រើសយកការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយក៏កម្ពុជាមិនបោះបង់ចោលយន្តការចរចានោះឡើយ។ កម្ពុជានឹងគោរពរាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការប្រកាសអំពីគម្រោងដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះ បានធ្វើឡើងបន្ទាប់ពី កងទ័ពថៃ បានចូលមកបាញ់សម្លាប់ ទាហានកម្ពុជាម្នាក់ ដែលឈរជើងការពារព្រំដែន នៅចំណុចព្រំដែនតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បង្កឱ្យមានការប្រឈមមុខគ្នាជាថ្មីរវាងកងទ័ពកម្ពុជា-ថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print