ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះធ្វេីការឃាត់ម៉ូតូចំនួន០៣គ្រឿង ប្រេីប្រាស់កែច្នៃស៊ីម៊ាំង បំពងឡេងខុសលក្ខណបច្ចេកទេស ក្នុងមូលដ្ឋានខណ្ឌទួលគោក យកមកអធិការដ្ឋាន ដេីម្បីធ្វេីការអប់រំ និងធ្វេីកិច្ចសន្យាជាមួយអ្នកបេីកបរ និងតម្រូវឱ្យម្ចាស់ម៉ូតូយកស៊ីម៊ាំងដេីមមកដោះដូរ ដេីម្បីប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្ដនតាមទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីក្រោមឱវាទ ចុះណែនាំដល់អាជីវករលក់ និងជួសជុលម៉ូតូ ហាមមិនឱ្យមានការលក់ដូរ និងប្រេីប្រាស់នូវបំពង់ស៉ីម៊ាំងកែច្នៃ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។
គួររម្លឹកដែរថា កាលពីថ្ងៃទី០១ ខែមិថុនាម្សិលមិញនេះ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់បានម៉ូតូ ចំនួន៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់សុីម៊ាំងបំពងសំឡេងខុសលក្ខណបច្ចេកទេស (បំពង់សុីមបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន០៨គ្រឿង។
ក្រោយឃាត់ម៉ូតូរួច កម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វេីផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ៖តារា