ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២១និង៣០នាទី នៅចំណុចហាងកាហ្វេ CK ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ បានកើតមានហេតុការណ៍ហឹង្សាចេតនា (វាយគ្នាទៅវិញទៅមក និងប្រើកាំបិតប៉័ងតោគប់គ្នា) ដែលបង្កឡើងដោយជនសង្ស័យពីរក្រុម សរុបចំនួន ៥នាក់ ។
អត្តសញ្ញាណជនសង្ស័យ៖
• ក្រុម CK កាហ្វេកែង:
១. លាង ប៊ុនធឿន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មកររថយន្តដឹកឈើ
២. ខន និត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនប្រាកដ
• ក្រុម MK ម្លុកក្នុងគីឡូស៊ីន:
១. ណន អានឈួន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស
២. សារិន រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនប្រាកដ
៣. មាស ដាវីត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ។
ក្រុមទាំងពីរបានឆាតដាក់ទាស់ទែងគ្នានៅលើបណ្តាញសង្គម ហើយជួបប្រទះ និងមានការឈ្លោះគ្នាផ្ទាល់ ទើបក្រុម MK បានជិះម៉ូតូមកវាយក្រុម CK ដោយប្រើកាំបិតប៉័ងតោ ២ដើម ។ ក្នុងពេលប្រព្រឹត្តកម្មវាយប្រហារ មានសកម្មភាពគប់ និងវាយប្រើកាំបិតចំពោះគ្នាទៅវិញទៅមក ប៉ុន្តែមិនមាននរណាផ្ទាល់រងរបួសធ្ងន់ធ្ងរ ក្រោយហេតុការណ៍ក្រុម MK បានជិះម៉ូតូគេចខ្លួនទៅបាត់ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋ និងបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង ៥នាក់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ និងនាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការតាមនិតិវិធីច្បាប់ ។
វត្ថុតាងចាប់យកបាន៖
• កាំបិតប៉័ងតោចំនួន ០២ដើម (អាវុធដែលប្រើក្នុងសកម្មភាព) ។
ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕