ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងបិទចរាចរណ៏រថយន្ដធំ១ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រារពទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នេះបើយោងតាមសេចក្ដី ជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី០២ ខែមិថុនា ២០២៥ ។
នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតា សេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដើម្បីឱ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នជុំវិញទីតាំង ប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង០៥:០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ មេត្តាជ្រាប និង ស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានី ភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់៕ ដោយ សំរិត