ខេត្តកំពង់ធំ៖ ដើម្បីធានាបានគុណភាព និងសុខមាភាពអ្នកប្រើប្រាស់ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រុមការងារមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) និងមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តា ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។
លោក ហេង ភារម្យ ប្រធានសាខា ក.ប.ប ខេត្តកំពង់ធំ បានបញ្ជាក់ថា ការចុះពិនិត្យជាក់ស្ដែងលើទីតាំងផ្សារតាំងគោក ពិនិត្យបានចំនួន ៧៧គំរូ Borax (បូរ៉ាក់) ចំនួន១១គំរូ, Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន២១គំរូ, Salicylic acid (សាលីស៊ីលិច អាស៊ីត) ចំនួន២គំរូ, Formalin (ហ្វ័រម៉ាលីន) ចំនួន៣គំរូ, Pesticide ( សំណល់ថ្នាំកសិកម្ម) ចំនួន៤៩គំរូ។
ចំណែកផ្សាររំលង ពិនិត្យបានចំនួន៤០គំរូ ក្នុងនោះ Borax (បូរ៉ាក់) ចំនួន៧គំរូ, Sodium Hydrosulfite(សូដ្យូមអ៉ីដ្រូសុលហ្វីត) ចំនួន៤គំរូ, Salicylic acid (សាលីស៊ីលិចអាស៊ីត)ចំនួន១គំរូ, Formalin(ហ្វ័រម៉ាលីន)ចំនួន៣គំរូ, Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន២៥គំរូ។
ចំពោះផ្សាកំពង់ថ្ម ពិនិត្យបានចំនួន៣៤គំរូ Borax(បូរ៉ាក់) ចំនួន៤គំរូ, Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន៤គំរូ, Salicylic acid(សាលីស៊ីលិចអាស៊ីត) ចំនួន៣គំរូ, Pesticide(សំណល់ថ្នាំកសិកម្ម) ចំនួន២៣គំរូ, សរុបចំនួន ១៥១គំរូ។ ជាលទ្ធផលបានរកឃេីញសំណាកគំរូបាញ់កាញ់ចំនួន ១គំរូ មានសារធាតុគីមីហាមឃាត់បូរ៉ាក់( borax)។ បានដកហូត និងធ្វេីការណែនាំបញ្ឈប់ការតាំងលក់ផលិតផលដែលមានសារធាតុគីមីហាមឃាត់។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា តាមការចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងរបស់ក្រុមការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(កបប) បានបញ្ជាក់ថា ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងផ្សារចំនួន ៣ខាងលើនេះ លទ្ធផលរបស់អ្នកលក់ បន្លែ ផ្លែឈើ នំចំណី គ្រឿងប្រើប្រាស់ជាច្រើនមុខមានការដាក់តាំងលក់ហួសសុពលភាព សម្បូរជាតិថ្នាំ និងរបស់របរខូចគុណភាពជាដើម។ ដូច្នេះអ្នកលក់ទាំងអស់ជួយយកផលិតផលណាដែលមានគុណភាព ពុំមានជាតិថ្នាំគីមី ដើម្បីលក់ឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគប្រកបដោយគុណភាព និងមានសុខភាពល្អដល់មនុស្សទូទៅ៕