ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា-រដ្ឋសភា មួយចំនួន ធំ ប្រហែល លើកដំបូងបំផុតដែលអង្គុយ ប្រជុំរហូតដល់ជាង ១៧ម៉ោង ក្រោម ការ ដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។ សម្រាប់ តំណាងរាស្ត្រមួយរូបលើកថា ៖ នេះគ្រាន់តែជាមេរៀន តូចមួយ ប៉ុណ្ណោះ របស់សម្តេច ហ៊ុន សែន។
ប្រធានគណៈកម្មការទី៣រដ្ឋសភា ដែលទទួលបន្ទុកជាតំណាង ក្រុម ជំនួយ ការគណៈកម្មការសមាជរដ្ឋសភា-ព្រឹទ្ធសភា រាយការណ៍ «ប្រធានបទវិស័យកសិកម្ម» បាន រំលឹក រឿងកាលពី ឆ្នាំ១៩៨៩។ កាលណោះ លោកជាអនុរដ្ឋមន្ត្រីមហាផ្ទៃ ហើយ ត្រូវបានសម្តេច ហ៊ុន សែន បញ្ជាឱ្យ រៀបចំ ២វារៈសេនាតូចនគរបាលA៣ ទៅកាន់ខេត្តបាត់ដំបង ក្រោយកងទ័ពវៀតណាម ដកចេញ។
លោកថា កាលណោះ បាត់ដំបងមានព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ដោយមាន ការវាយប្រហារក្រោមផែនការយុទ្ធសាស្ត្រ «វាយប៉ើងដូចក្រដាស»។ លោក បាន ធ្វើ ដំណើរជាង១៧ម៉ោង ជិតចូល១៨ម៉ោង ក្នុងដំណើរទៅ កាន់ខេត្តបាត់ដំបង។
ក្នុងដំណើរទៅកាន់បាត់ដំបង កងទ័ពមិនអាច ឈប់ បរិភោគអាហារតាមផ្លូវនោះឡើយ ព្រោះខ្លាច គេស៊ើបការណ៍ ដែលខុសពី សមាជរដ្ឋសភា-ព្រឹទ្ធសភា មាន អាហារ ដល់ទៅ២ពេល។
សូមបញ្ជាក់ថា ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កាលពីម្សិលមិញតាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបានបើកការជជែកគ្នា តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ៕
ដោយ ៖ សិលា