ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក HYUNDAI ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកបុរសវ័យចំណាស់ម្នាក់ដែលកំពុងជិះកង់ពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦និង២០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ នុយ សេង
វ៉ាត ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
យោងតាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B.5578 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៤ក្នុងល្បឿនលឿនពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកកង់មួយគ្រឿងជិះដោយបុរសវ័យចំណាស់ម្នាក់នៅខាងមុខរថយន្ដក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយខ្ទាតដួលបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច ហើយភ្លាមៗនោះកៃកុងរថយន្តបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅនឹងកន្លែងកើតហេតុ ។ ចំណែកកង់និងរថយន្ដរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្ដបង្ក និងកង់ជនរគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយតាមនីតីវិធីនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ