រឿង ជីវិតពិតកុមារា សុខ ខេង (តចប់)

ចែករំលែក៖

សុខ ខេង និងក្មេងៗទាំងអស់ក៏ដូចជាប្រជាជននៅទូទាំងប្រទេសរកគ្រប់ពិធីបន្ថយភាពស្រេកឃ្លាន ព្រោះការហូបតែបបររាវទាំងព្រឹក ទាំងល្ងាច ពិតជាខ្សោយកម្លាំងខ្លាំងណាស់។ នៅពេលដឹកស្បៀងទៅផ្គត់ផ្គង់នៅតាមការដ្ឋាន ឪពុករបស់ សុខ ខេង ត្រូវគ្នាជាមួយអ្នកចាំចម្ការនៅចុងភូមិ។ ឪពុករបស់ សុខ ខេង តែងតែឲ្យអំបិល ប្រហុក ត្រីងៀតនិងឆ្នាំជក់ជាដើមទៅអ្នកចាំចម្ការ។ ចំណែកឯអ្នកចាំចម្ការវិញ តែងតែឲ្យអំពៅពី ១០ ទៅ ២០ ដើមជារៀងរាល់ពេលដែលឪពុករបស់ សុខខេងធ្វើដំណើរដឹកស្បៀងទៅការដ្ឋានកាត់តាមចម្ការអំពៅដែលគាត់យាមនោះ។ ឪពុករបស់ សុខ ខេង និងសុខ ខេង បានអំពៅហូបតាមផ្លូវរហូតដល់សហករណ៍។ គាត់បានយកអំពៅដែលនៅសេសសល់ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមានអំបិល ប្រហុក ត្រីងៀត និងថ្នាំជក់ជាដើមចែកឲ្យប្អូនដែលស្គាល់រាប់អានគ្នានៅក្នុងភូមិចំបក់ផ្អែមដោយលាក់កំបាំង។ សុខខេង និងឪពុកតែងតែស្នាក់ក្នុងភូមិនោះមួយយប់រាល់ពេលដឹកស្បៀងទៅការដ្ឋាន។ នៅក្នុងភូមិនោះសុខខេង មានឪពុកធំម្នាក់ត្រូវជាបងប្រុសរបស់ឪពុកខ្លួនធ្វើខាងកិនស្រូវ និងប្រពន្ធរបស់គាត់ចុងភៅក្នុងសហករណ៍។ ជារឿយៗឪពុកធំ របស់ សុខ ខេង តែងលួចឲ្យអង្ករ១០ទៅ១៥គីឡូក្រាមរាល់ពេលដែលគាត់វិលត្រឡប់មកកាន់ភូមិវិញ។

រយៈពេល ៣នឆ្នាំ ៨ ខែនិង ២០ថ្ងៃ មិនមែនជាពេលវេលាយូរណាស់ណាទេ ប៉ុន្តែសម្រាប់ការរស់នៅក្នុងរបបខ្មែរក្រហមពិតជាយូរណាស់ ព្រោះវាជារបបមួយដែលរស់នៅក្នុងទុក្ខកម្មគ្រប់បែបយ៉ាង។ ចូលដល់ដើមឆ្នាំ ១៩៧៨ សភាពការណ៍ក្នុងស្រុកទេសកាន់តែតឹងតែង។ ក្នុងជួរកម្មាភិបាលនៅតាមមូលដ្ឋានភាគច្រើនជាពួកមកពីទិសនិរតី។កម្មាភិបាលពីទិសនិរតីតែងតែហៅប្រជាជនទៅរៀនសូត្រ និងផ្សព្វផ្សាយពីសភាពការណ័ខ្មាំងកាន់តែយ៉ាប់យ៉ឺនទៅៗ ។

* វត្តអារាមក្លាយជាមន្ទីរពេទ្យ ÷

វត្តសោមក្រោមមានបរិវេណធំទូលាយហើយត្រូវអង្គការខ្មែរក្រហមយកធ្វើជាមន្ទីរពេទ្យពេទ្យនៅក្នុងវត្តនោះ។ មន្ទីរពេទ្យបានចែកចេញជាពីផ្នែក។ ផ្នែកទី ១ គឺពេទ្យឆ្មបសម្រាប់ស្ត្រីមានផ្ទៃពោះគំរប់ ៧ ខែដែលអង្គការអនុញ្ញាតឲ្យសម្រាកនៅទីនោះរហូតដល់សម្រាលកូនរួចរាល់។ ផ្នែកទី ២ គឺ ផលិតឱសថដែលភាគច្រើនមានយុវជនយុវនារីនៅទីនោះ។ យុវជន យុវនារីភាគច្រើន ត្រូវចូលទៅក្នុងព្រៃដើម្បីរកកាប់ឈើវល្លិ ដែលត្រូវយកមកផលិតជាឱសថតាមការបញ្ជារបស់ប្រធានពេទ្យ។ ពេលបានឈើ ឬវល្លិពីក្នុងព្រៃយកមកដល់កន្លែងហើយ ប្រធានពេទ្យយកទៅចម្រាញ់ផលិតជាថ្នាំគ្រាប់តាមលក្ខណៈបច្ចេកទេស។

សុខ ខេម ធ្វើការនៅក្នុងមន្ទីរពេទ្យនោះ ហើយជារឿយៗសុខខេមឆ្លៀតមកដេកកំដរម្ដាយនៅពេលយប់ ព្រោះម្ដាយសរសៃខ្ចីហើយពីវត្តមកផ្ទះមានចម្ងាយប្រហែល ៥០០ ម៉ែតែប៉ុណ្ណោះ។

* សុខខេមឃ្លាតពីម្ដាយនិងប្អូនៗជារៀងរហូត÷

ក្នុងឆ្នាំ ១៩៧៨ យុវជនយុវនារីមួយចំនួននៅមន្ទីរពេទ្យត្រូវអង្គការចាត់តាំងឲ្យទៅប្រចាំការនៅតាមអង្គភាពកងចល័ត ដែលត្រូវទៅលើកទំនប់នឹងជីកប្រឡាយនៅការដ្ឋានគោកម្លូ។ ពេលនោះហើយដែល សុខ ខេង លែងបានជួបមុខបងប្រុសជារៀងរហូត។ថ្ងៃមួយពេលហូបបាយថ្ងៃត្រង់ស្រាប់តែកុមារម្នាក់លាន់មាត់ថា នែពួកអាដែង! អ្ហែងមើលនោះមាននាវាមួយរលត់ម៉ាស៊ីនអណ្ដែតចេញពីព្រែកដឹកសុទ្ធតែពួកកងចល័ត ហើយស្លៀកពាក់សុទ្ធតែខោអាវខ្មៅថ្មីៗ ខ្លះជិះលើដំបូល ខ្លះឈរនៅក្បាលនាវា។ សុខ ខេងតបថា អើមែនអ្ហា!សុទ្ធតែកងចល័តមែន បែបប្រហែលគេបញ្ជូនឲ្យទៅធ្វើយោធានៅសមរភូមិហើយមើលទៅ។ ខណៈនោះកុមារម្នាក់ទៀតបានស្រែកឡើងថា អើអាខេង! អ្ហែងមើលបងឯងតើឈរយួរស្បែកជើងនៅក្បាលនាវានោះ។ សុខ ខេងបានប្រឹងសម្លឹងមើលតាមដៃដែលកុមារនោះចង្អុលបង្ហាញយ៉ាងអន្ទះសា។ សុខ ខេង បានត្រឹមសម្លឹងមើលទៅបងប្រុសទាំងអួលដើមក ព្រោះនាវានោះនៅឆ្ងាយពីច្រាំងប្រហែល ៥០ ម៉ែត្រមិនអាចនិយាយឆ្លើយឆ្លងគ្នាឮទេ។ ចំណែកសុខខេមមានទឹកមុខស្រងូតស្រងាត់ខំឈរសម្លឹងមកប្អូនដោយមិនដាក់ភ្នែកឡើយ។នាវានោះចេះតែអណ្ដែតឆ្ងាយទៅឆ្ងាយទៅ។ សុខ ខេង បានរត់ទៅប្រាប់ម្ដាយនៅផ្ទះតាមដំណើរហេតុការណ៍។ ម្ដាយរបស់សុខ ខេងបានឲ្យ សុខ ខេង នៅយោលប្អូនតូចកំពុងដេកក្នុងអង្រឹង។ ឯគាត់ ប្រញាប់ប្រញាល់រត់ដេញតាមនាវាជាប់រហូតតាមបណ្ដោយមាត់ទន្លេ។ នាវានោះបានអែបចូលខាងមួយភ្លែតនៅម្ដុំកំពង់វត្តសោបក្រោមដើម្បីធ្វើម៉ាស៊ីន និងចាក់ប្រេងដែលមានចម្ងាយពីផ្ទះរបស់សុខ ខេង ប្រហែលមួយគីឡូម៉ែត្រ។ គួរឱ្យអនិច្ចាម្ដាយ សុខ ខេង ណាស់ខំរត់ទាំងសរសៃខ្ចីដើម្បីទៅជួបកូនជាទីស្រឡាញ់។ ប៉ុន្តែពេលរត់ចិត្តទៅដល់ម៉ាស៊ីននាវាបានឆេះឡើងវិញ ហើយចាកចេញទៅ។ម្ដាយរបស់ សុខ ខេង បានត្រឹមស្រងេះស្រងោចម្នាក់ឯង មើលនាវាពីក្រោយដែលកំពុងតែបរចាកចេញទៅ។

ក្នុងខែវិច្ឆិកាឆ្នាំ ១៩៧៨ អង្គការបានផ្លាស់ឪពុករបស់នសុខ ខេង ពីអ្នកដឹកស្បៀងមកធ្វើជាប្រធានមន្ទីរបាយវិញម្ដង។ សុខ ខេង ក៏ត្រូវបានត្រឡប់ទៅនៅក្នុងកងកុមារវិញដែរ។ ថ្ងៃមួយកម្លាំងបាក់ទ័ពរបស់ខ្មែរក្រហមបានដុតឃ្លាំងគ្រាប់ចោល ហើយបានបើកនាវាដ៏ធំមួយគ្រឿងឆ្លងទៅភូមិសោបក្រោមរួចរត់ភៀសខ្លួនចូលព្រៃទៅទិសខាងលិចបាត់។ម៉ោងប្រហែល១០ព្រឹក គឺជាពេលដែលមន្ទីរពេទ្យរៀបចំហូបបបរស្រាប់តែនៅឯត្រើយម្ខាងខាងខេត្តក្រចេះមានផ្សែងហុយទ្រលោមខ្មៅឃ្មួលខ្មាញ់ឡើងទៅលើអមនឹងសំឡេងគ្រាប់ផ្ទុះសូរទ្រហឹងអឺងអាប់ដោយសារតែឆេះឃ្លាំងគ្រាប់នៅមាត់ទន្លេ។ ប្រជាជនភ័យនាំគ្នារត់លែងហូបបបរសល់ម្ហូបទាំងខ្ទះៗ។

 

បន្ទាប់មក ប្រហែលម៉ោង ១ រសៀលទើបឃើញកម្មាភិបាលខ្មែរក្រហមដើរប្រាប់ប្រជាជនយ៉ាងត្រហេបត្រហបថា ឲ្យប្រជាជនរៀបចំរទេះហើយត្រូវភៀសខ្លួនឆ្ពោះទៅកាន់ភ្នំជី ប៉ែកខាងទឹកដីខេត្តកំពង់ធំជាប្រញាប់ទាំងអស់គ្នា។ ពេលនោះភាពច្របូកច្របល់បានកើតឡើងគ្មានអ្នកណាស្ដាប់អ្នកណាទេ។ប្រជាជនឈ្លោះគ្នាដណ្ដើមរទេះ។ដណ្ដើមគោក្របី។ ឪពុករបស់ សុខ ខេង បានរៀបចំរទេះ និងគោដើម្បីត្រៀមលក្ខណៈដឹកកូនប្រពន្ធភៀសខ្លួន។ រីឯម្ដាយរបស់ សុខ ខេងបានរៀបចំអីវ៉ាន់ចាំបាច់ និងគ្រឿងឧបភោគបរិភោគសម្រាប់ត្រៀមដំណើរភៀសខ្លួន។ នៅតាមផ្លូវយូរៗម្ដង តែងតែឃើញមានយោធាខ្មែរក្រហមបាក់ទ័ពធ្វើដំណើរតាមផ្លូវឆ្ពោះទៅទិសខាងលិច។ កងទ័ពទាំងនោះមិនមានការពាក់ព័ន្ធនឹងប្រជាជនទេ គឺគេចយកតែរួចខ្លួនពីកងទ័ពវៀតណាម។ ថ្ងៃនោះម៉ោងប្រហែល ៣ រសៀល ប្រជាជនជាច្រើនបានធ្វើដំណើរចេញពីភូមិសោបក្រោម ឆ្ពោះទៅទិសខាងលិចឈៀងខាងជើង។ ប្រជាជនបរទេះដង្ហែគ្នា ហើយតែងតែជជែកពិភាក្សាគ្នាថា តើត្រូវស្នាក់នៅត្រង់ណាសិន ហើយប៉ុន្មានថ្ងៃទើបទៅដល់ភ្នំជីតាមទិសដៅដែលអង្គការកៀងទៅនោះ។

* អវសាននៃរបបខ្មែរក្រហម÷

...

នៅពេលកងទ័ពវៀតណាមវាយកងទ័ពខ្មែរក្រហម ក្រុមគ្រួសាររបស់សុខ ខេង និងប្រជាជនជាច្រើនទៀតរស់នៅតាមបណ្ដោយអូរដែលគ្មានទឹកហើយព័ទ្ធជុំវិញទៅដោយព្រៃឈើអស់រយៈពេល ៥ ថ្ងៃ។ ក្រោយមកពេលសភាពការណ៍ស្ងប់ស្ងាត់ ក្រុមគ្រួសាររបស់ សុខ ខេង ក៏បានវិលត្រឡប់ចូលក្នុងភូមិសោបក្រោមវិញ។ ក្នុងភូមិមានសភាពស្ងាត់ជ្រងំ ព្រោះប្រជាជនមិនទាន់ វិលមកវិញគ្រប់គ្នាឡើយ។ នៅក្នុងភូមិមានទាំងកងទ័ពខ្មែរ និងកងទ័ពវៀតណាមរាប់សិបនាក់នៅពង្រាយក្នុងភូមិ។ កងទ័ពទាំងនោះរាក់ទាក់ជាមួយប្រជាជនណាស់ ហើយបានបញ្ជូនប្រជាជនឲ្យឆ្លងទឹកទៅត្រើយខាងខេត្តក្រចេះ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនពីការប្រយុទ្ធគ្នា។ ក្រុមគ្រួសាររបស់ សុខ ខេងបានចម្លងទាំងគោទាំងរទេះមកដល់ទីរួមខេត្តក្រចេះរួចស្នាក់នៅក្នុងឃុំអូរឫស្សីដោយសុវត្ថិភាពជាមួយប្រជាជនដ៏ទៃទៀត៕ (ចប់ដោយបរិបូរណ៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print