ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង បានថ្លែងនៅ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា ថា ៖ សហគមន៍កសិកម្មនាំពីខ្វះសាច់ជ្រូកទៅសាច់ជ្រូកមានការនាំចេញវិញ ។
ពេលឡើងបញ្ចេញមតិក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភាលើកទី១ លើប្រធានបទវិស័យកសិកម្ម លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា បានវាយតម្លៃពីចំណុចវិជ្ជមាននៃការចងក្រងសហគមន៍កសិកម្មនៅកម្ពុជា ជាពិសេសការបង្កើនការនាំចេញផលិតផល។ លោកបានលើកឡើងថា ការណែនាំឱ្យមានការចងក្រងជាសហគមន៍កសិកម្ម ក្រោមការគាំទ្ររបស់រដ្ឋាភិបាល ធ្វើឱ្យកម្ពុជាពីខ្វះសាច់ជ្រូក រហូតដល់សាច់ជ្រូកមានការនាំចេញ។
សូមបញ្ជាក់ថា ៖ លោក ម៉ម ប៊ុននាង ដែលមានបទពិសោធន៍ក្នុងវិស័យកសិកម្មអស់រយៈពេលជាង៤០ឆ្នាំ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលក្នុងការសម្រេចបានសមិទ្ធផលដ៏ច្រើនក្នុងច្រើន។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា បន្តថា ៖ «ការនាំចេញនោះ គឺដោយសារការផលិតរបស់យើងតាមខ្សែច្រវាក់ផលិតកម្ម»។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយលើកឡើងថា កម្ពុជាបាននាំជ្រូកពូជចេញទៅភូមា ចេញទៅឡាវ ហើយសាច់ជ្រូក ជាពិសេសផលិតផលធ្វើពីសាច់ជ្រូក និងសាច់បង្កក គឺនាំរហូតទៅដល់ប្រទេសចិន ផងដែរ។
លោក ម៉ម ប៊ុននាង អះអាងថា ការចងក្រងសហគមន៍ពិតជាល្អ ជាពិសេសមានការផ្តល់ប្រាក់កម្ចីដល់សហគមន៍ក្នុងអត្រាការប្រាក់ទាបជាដើម។ លោករំលឹកថា កាលពីអំឡុងទសវត្សរ៍៨០ យើងយកស្ករត្នោតធ្វើជាស្ករស តែបច្ចុប្បន្នយកស្ករសវាយចេញទៅជាស្ករត្នោតវិញ ព្រោះស្ករត្នោតថ្លៃជាង។
«យើងធ្វើពីខ្វះសាច់ នាំចូលសាច់ រហូតទៅជានាំសាច់ចេញទៅវិញ។ នេះជាភាពជោគជ័យរបស់រដ្ឋាភិបាល ដោយសហគមន៍ជាច្រើនបានទទួលផល»។ លោកបានលើកឡើងយ៉ាងដូច្នេះ ដោយគូសបញ្ជាក់ពីផ្សារទំនើបៗដែលមានការពង្រីកជាបន្តបន្ទាប់នៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គោរពថ្លែងអំណរគុណ និងដឹងគុណចំពោះមរតកនៃគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យ និងសមិទ្ធផលនានា ដែលផ្ដល់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការបន្តកសាង និងអភិវឌ្ឍវិស័យកសិកម្ម។ សម្ដេចសង្គត់ធ្ងន់ថា វិស័យកសិកម្មនៅតែជាវិស័យអាទិភាព ជួយលើកស្ទួយជីវភាពពលរដ្ឋ និងធានាបាននូវសន្តិសុខស្បៀងរបស់ជាតិ។
ចំពោះសម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទានដល់រាជរដ្ឋាភិបាលឲ្យខិតខំបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាទឹកសម្រាប់កសិកម្ម បង្កើនការដាំដុះ និងកាត់បន្ថយកាប់ព្រៃឈើ។ ចំណុចអាទិភាពបួនចំណុច ទឹក ផ្លូវ ភ្លើង មនុស្ស ត្រូវជាង៣០ឆ្នាំហើយ តែវាក៏នឹងត្រូវ ៥០ឆ្នាំទៅមុខទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីមុខសញ្ញាអាទិភាពចំនួន៧ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ។
សម្ដេចធិបតី បញ្ជាក់ថា ៖ ផលិតផលស្រូវប្រាំង និងស្រូវវស្សា សរុបក្នុងឆ្នាំ ២០២៤ ទទួលបានផលស្រូវ ស្ងួតប្រមាណ៤លានតោន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ ព្រមទាំងបានផ្ដល់លទ្ធភាពនាំចេញស្រូវប្រមាណ៥លានតោន ,អង្ករប្រមាណ៦៤ម៉ឺនតោន ហើយផ្ដល់ចំណូលដល់ប្រជាកសិករផ្ទាល់ដៃ ក្នុងតម្លៃប្រមាណ ៣,៥លានដុល្លារ ៕
ដោយ ៖ សិលា