ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្ដការយកចិត្ដទុកដាក់ និងផ្ដល់អទិភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលជាវិស័យអទិភាព និងបន្ដដើរតួនាទីដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងវិវត្ដរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ជារួមវិស័យកសិកម្មនៅតែជាវិស័យយុទ្ធសាស្រ្ដគន្លឹះក្នុងការធានាបាននូវសន្ដិសុខស្បៀងរបស់ជាតិយើង។
សម្ដេចធិបតី បានបន្ថែមថា គោលដៅយុទ្ធសាស្រ្ដនៃវិស័យកសិកម្ម នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺការបន្ដពង្រឹងតួនាទីនិងការអភិវឌ្ឍវិស័យកសិកម្មឱ្យទូលាយ សំបូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍនៅតាមទីជនបទ ធានាបាននូវសន្ដិសុខស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ និងជំរុញភាពប្រកួតប្រជែង ដែលនឹងលើកកម្ពស់គុណភាពជីវិតនៅទីជនបទ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ វិស័យកសិកម្មនៅតែបន្តរួមចំណែកប្រមាណ ១៦ភាគរយ ផ.ស.ស ទោះមាននិន្នាការថយចុះ សម្រាប់ពេលដែលវិស័យឧស្សាហកម្ម និងសេវាកម្ម បន្តកើនឡើងតាមការវិវត្តន៍នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយសាមញ្ញ៤ សំរាប់ជំរុញការអនុវត្តក្នុងវិស័យកម្ម គឺមានហូប មានប្រើ មានបាន និងមានរហូត ៕
ដោយ ៖ សិលា