ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាព ដូចមានចែងក្នុងបញ្ចកោណទី១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដើម្បី ប្រជុំពិភាក្សាលើប្រធានបទចំនួនបី មានប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៖ ឯកឧត្តម យស ផានីត្តា តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បង្ហាញនូវ “កម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” ក្នុងនោះ កម្មវិធីគោលនយោបាយនេះបានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ គោលនយោបាយចម្បងៗ ជា អាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីគោលនយោបាយអាទិភាព ដែលត្រូវចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០២៣តទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសការងារ របស់រាជរដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្ម បម្រើជាតិ ព្រមទាំងអនុវត្តតាមការសន្យាជាមួយប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត ។
ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” នេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច។ តាមរយៈរបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ចនេះ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ជាអាទិភាពផងដែរ ដូចមានក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គសមាជថា ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពផងដែរ ដូចមានចែងក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រជាទូទៅ សំដៅ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន ៣ មានគោលបំណង បន្តអភិវឌ្ឍប្រព័ន្ធគាំពារ សង្គម រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស និង (៣) ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។
បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ប្រកាស ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សមាជិកអង្គសមាជ បានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម មានចំនួន ២៤រូប។ បន្ទាប់ពីអង្គសមាជ បានធ្វើការពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងការបកស្រាយរបស់រាជរដ្ឋាភិបាល ទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជបានធ្វើការអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ប្រព័ន្ធគាំពារសង្គម ដោយទទួលបានការគាំទ្រចំនួន ១៨១ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង។
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង ហើយរបៀបវារៈសំខាន់ៗដែលបានជជែកពិភាក្សាគ្នានោះមានចំនួន៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម ហើយប្រធានបទទាំង៣ ក៏ត្រូវបានអនុម័តទាំងស្រុងដោយសមាជព្រឹទ្ធសភា និងរដ្ឋសភា។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានសមាជ។ សមាជក៏មានការអញ្ជើញ ចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋ សភា និងអនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាទាំង៤រូប ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ នៅថ្ងៃទី១ សមាជមានសមាជិក រដ្ឋសភា និងព្រឹទ្ធសភា យាង និងអញ្ជើញ ចូលរួមចំនួន១៨១អង្គ/រូប ហើយថ្ងៃទី២ យាង និងអញ្ជើញចូលរួម ១៧៩អង្គ/រូប។
ដោយឡែកខាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ទិត ឌីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ៕
ដោយ ៖ សិលា