ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចប្រគល់ដី ២ហិកតាតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់ «អន្ទេវាសិកដ្ឋាន»សម្រាប់និស្សិតស្រីក្រីក្របន្តការសិក្សានៅភ្នំពេញ។ សម្តេចតេជោ ក៏បានបញ្ជាក់ថា ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
សូមជម្រាបជូនថា សម្តេចប្រធានព្រឹទ្ធសភា កាលពីព្រឹកមិញនេះ បានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ សម្តេចតេជោ បានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
ក្នុងខ្លឹមសាររបស់សម្តេចដែលបង្ហោះក្នុងបណ្កាញសង្គមផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច៖ ១.យកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន។
២.ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ ស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។ យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។»
សម្តេចតេជោ សង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕ដោយ៖តារា