ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
តាមរយៈសារាចរ ស្តីពីការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រៅពីការរំឭកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់ អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន នៅតាមមូលដ្ឋាន យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ យុទ្ធជន យុទ្ធនារី ដែល កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់ មនោសញ្ចេតនានិងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។ បន្ថែមពីនោះទៀត ត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមអង្គភាពនិងទីសាធារណៈ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិ ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន សូមចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ក្នុងក្តីសោមនស្សរីករាយ ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិង សម្ភារៈ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក៏ដូចជាយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃកម្ពុជាផងដែរ៕
ដោយ ៖ សិលា