ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តស៊េរីទំនើប មួយគ្រឿង បានបើកបុករថយន្តព្រូសត្រង់ផ្លូវបំបែកជាបួនបណ្តាលអោយរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងកក់តាមបណ្ដោយផ្លូវ១៦៩កែងនិងផ្លូវ៥៦៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1668 ធ្វើដំណើរពីតាមបណ្ដោយផ្លូវ១៦៩ ទិសដៅត្បូងទៅជើង ក្នុងល្បឿនលឿនមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ម៉ាក ព្រូស ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9819 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកអូ ឌី បុកចំពីចំហៀងទ្វារខាងឆ្វេងពេញទំហឹងបណ្ដាលអោយខូចខាតកំពិតទ្វារ ចំណែករថយន្ដអូ ឌី ធ្លាក់កាងមុខខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុបានអោយភាគីទាំង២ធ្វើការសម្រួលគ្នា ដោយដោះស្រាយគ្នាមិនត្រូវ ក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាសវែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ