ភ្នំពេញ: បុរសម្នាក់រងរបួសដៃម្ខាងហូរឈាមជោកបន្ទាប់ពីមិត្តភក្ដិរបស់ខ្លួនកាប់នឹងកាំបិតបុ័ងតោព្រោះតែរឿងទាក់ទងស្រី១ពីរនាក់ពេលផឹកស៊ីស្រវឹងបង្កជាហិង្សា។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១២:២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ2០11 ចំណុចភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ កែវ រ៉ាត់ ភេទប្រុសអាយុ២៥ឆ្នាំ ធ្វើការនៅហាងលក់ម៉ូតូម្ដុំកំបូល បច្ចុប្បន្នរស់នៅភូមិកេីតហេតុខាងលើ។
ចំណែកជនបង្កឈ្មោះ លឹម រតនាវិទូ ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់ភូមិកេីតហេតុខាងលើ។
ប្រភពព័ត៌មានពីភាគីខាងជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយភាគីបង្កដែលត្រូវជាមិត្តភក្ដិរបស់ខ្លួនបានហៅរូបខ្លួនអោយមកផឹកជាមួយតែរូបខ្លួនមិនព្រមផឹកជាមួយនោះទេ ទើបខឹងក៏យកកាំបិតបុ័ងតោដែលហាន់សាច់ក្លែមមកដេញកាប់ខ្លួនបណ្ដាលឲ្យមុតចំដៃខាងស្ដាំមួយកាំបិតហូរឈាមជោក។បន្ទាប់មកដេញប្រតាយប្រតប់គ្នាផ្អើលអ្នកជិតខាងនាំគ្នាឃាត់បំបែកចេញពីគ្នា រួចពលរដ្ឋបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយហៅភាគីទាំងសងខាងនាំទៅប៉ុស្តិ៍សាកសួរ។ ប្រភពដដែលបានបន្តទៀតថា អ្នកទាំងពីរខាងលើមានការអន់ចិត្តនឹងគ្នាព្រោះតែរឿងដណ្ដេីមស្រីគ្នា ហើយខានស្ដីរកគ្នាមួយរយៈមកហើយ លុះមុនពេលកេីតហេតុស្រាប់តែខាងជនបង្កបានហៅអោយជនរងគ្រោះមកផឹកនៅផ្ទះរបស់ខ្លួនក៏ទាក់ពាក្យសម្ដីគ្នាបង្កជាជម្លោះតែម្ដងទៅ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរមក ដោយភាគីទាំងពីរនាក់ខាងលើមិនមានអ្នកប្ដឹងផ្ដល់គ្នាទៅវិញទៅមកសមត្ថកិច្ចក៏ធ្វើលិខិតបដិសេធពាក្យបណ្ដឹងរួចឱ្យភាគីទាំងពីរត្រឡប់ទៅវិញរៀងៗខ្លួន៕ជ្រោយពេជ្រ