សេអ៊ូល ប្រទេសកូរ៉េ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។
ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដល់លោកស្រី និងសហការីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជាក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា៕
ដោយ៖តារា