រឿង នរកភ្នែកស្រស់(ត)

ចែករំលែក៖

ម៉ាក់យាយ÷ យាយធ្វើការធ្ងន់ខ្លាំងណាស់ ប៉ុន្តែអង្ករដែលបានផ្ដល់ឲ្យយើងតែបន្តិចបន្តួចប៉ុណ្ណោះ។ វាមិនគ្រប់គ្រាន់សម្រាប់ឲ្យគ្រួសារដែលមានមនុស្សដល់ទៅ ១០ នាក់អាចហូបបានគ្រប់នោះទេ ទើបយាយយកអង្ករខ្លះទៅដាំលាយជាមួយនឹងផ្លែចេកខ្ចីដែលលួចលាក់ទុក។ ទោះជាមិនបានឆ្អែតដូចហូបបាយក៏ពិតមែន ប៉ុន្តែនៅគ្រាន់ជាងបបររាវដែលមានអង្ករតែពីរបីគ្រាប់ដែរ។
ខ្ញុំសម្លឹងមើលមុខម៉ាក់យាយដែលភ្នែករបស់គាត់ងងឹតមើលអ្វីមិនឃើញទៀតឡើយ។ មកទល់សព្វថ្ងៃនេះ គាត់លែងមើលអ្វីឃើញទាល់តែសោះ។ គាត់ចាំចៅបានដោយសារសំឡេងរបស់ពួកយើង។ ភ្នែករបស់គាត់ក្លាយជាងងឹតមើលអ្វីមិនឃើញច្បាស់ក៏អាចមកពីផលប៉ះពាល់នៃការទទួលទានបានជីវជាតិអាហារមិនគ្រប់គ្រាន់ក្នុងពេលដែលគាត់រស់នៅក្នុងរបបខ្មែរក្រហមដែរ។
ម៉ាក់ខ្ញុំក៏បន្តរៀបរាប់ទៀតថា ម៉ាក់ត្រូវដាក់នៅក្នុងកងកុមារ។ អង្គការតម្រូវឲ្យម៉ាក់ស្ទូងស្រូវ ប៉ុន្តែម៉ាក់មិនចេះទេទើបមានកងឈ្លបតាមដានម៉ាក់ជានិច្ច។ កងឈ្លបគិតថាម៉ាក់ជាកូនអ្នកមាន ឬអ្នកមកពីទីក្រុង ដែលនេះមិនមែនជារឿងល្អនោះទេ ព្រោះខ្មែរក្រហមមិនចូលចិត្តអ្នកមានឡើយ។បើសិនជាយើងមិនចេះធ្វើអ្វីទេយើងក៏អាចប្រឈមមុខនឹងការចោទប្រកាន់ថាខ្ជិល និងគ្មានប្រយោជន៍ដល់អង្គការ ហើយអាចត្រូវនាំទៅរៀនសូត្រ។ ដូច្នោះហើយទើបម៉ាក់លួចទៅរៀនពីអ្នកស្រុក។ អ្នកស្រុកប្រាប់ម៉ាក់ថាម៉ាក់ត្រូវធ្វើការឲ្យបានលឿន និងធ្វើការឲ្យដូចម៉ាស៊ីនដើម្បីរក្សាជីវិតបានរស់។
ខ្ញុំ÷ ម៉ាក់ចុះលោកតា ?
ពេលខ្ញុំសួររួចខ្ញុំសង្កេតឃើញទឹកមុខម៉ាក់ និងម៉ាក់យាយប្រែជាស្រពោនមួយរំពេច។ ខ្ញុំពិតជាចង់វាយមាត់ខ្លួនឯងខ្លាំងណាស់។ ឮខ្ញុំសួរពីលោកតា ម៉ាក់យាយស្រាប់តែយំដូចទឹកបាក់ទំនប់។ភ្នែករបស់គាត់មិនល្អនោះទេបើសិនជាយំខ្លាំងពេកអាចធ្វើឲ្យឈឺភ្នែកបាន។
ម៉ាក់÷ ម៉ាក់នៅចាំថា មានពេលមួយនោះកូនចៅរបស់លោកតាបានជួបលោកតាក៏លើកដៃសំពះព្រមទាំងហៅលោកតាថាតេជគុណ។ ពេលនោះ ប្រហែលជាមានកងឈ្លបបានឮទើបកូនចៅរបស់លោកតាម្នាក់នោះត្រូវកងឈ្លបចាប់ខ្លួន។ក្រោយមកលោកតាក៏ត្រូវចាប់ខ្លួនដែរ។ ម៉ាក់ចាំបានថា នៅយប់មួយនោះមានកងឈ្លបខ្មែរក្រហមចំនួន ៣ នាក់បានទៅរកលោកលោកតា ហើយប្រាប់ថា អង្គការត្រូវការយកលោកតាទៅរៀនសូត្រ។ ពួកយើងសុទ្ធតែដឹងថាពាក្យនេះមានន័យថាម៉េច ប៉ុន្តែពួកយើងមិនអាចយំបានទេ។ យើងចង់ឃាត់លោកតាទុកក៏មិនបាន។ លោកតាព្រមចាកចេញទៅតាមកងឈ្លប គាត់គ្រាន់តែផ្ដាំកូនៗឲ្យចេះស្រលាញ់គ្នា ហើយត្រូវមើលថែម៉ាក់យាយដែលកំពុងមានផ្ទៃពោះផង។
ម៉ាក់របស់ខ្ញុំយំយ៉ាងខ្លាំងពេលគាត់និយាយរួច។គាត់ប្រាកដជាឈឺចាប់ខ្លាំងណាស់ហើយ។ដែលបាត់បង់ឪពុកតាមរបៀបនេះ។ការបាត់បង់សមាជិកក្នុងគ្រួសារ។ទោះដោយហេតុផលណាមួយក៏ដោយសុទ្ធតែជារឿងឈឺចាប់ដែលមិនអាចយកអ្វីមកវាស់បាន។ កាលបើឃើញម៉ាក់របស់ខ្ញុំយំហើយយំទៀតយ៉ាងនេះកាន់តែធ្វើឲ្យខ្ញុំអាណិតគាត់យ៉ាងខ្លាំង។ខ្ញុំមិនអាចយល់ពីជម្រៅ។នៃការឈឺចាប់របស់គាត់បាននោះទេ។ខ្ញុំមិនដឹងថាតើគាត់ត្រូវទ្រាំនឹងឈឺចាប់ ភាពភ័យខ្លាច និងការបាត់បង់ច្រើនប៉ុណ្ណា។
ខ្ញុំ÷ ម៉ាក់កុំយំមនុស្សសាងបាបបែបនោះមុខជាចុះនរកហើយ។
ម៉ាក់យាយ÷ ចៅឯងធ្លាប់ឮអ្នកស្លាប់ណាម្នាក់ មកនិយាយរៀបរាប់ពីនរកថាយ៉ាងម៉េចឬអត់? យាយបានជួបហើយនរកនោះ មិនចាំបាច់ទាល់តែពេលស្លាប់នោះទេ ព្រោះយាយអាចប៉ះបានគ្រប់យ៉ាង មើលឃើញពីការស្លាប់។ការភ័យខ្លាច រស់នៅហាក់ដូចជាគិតតែពីសេចក្តីស្លាប់ សូម្បីតែពេលដែលកូនខ្លួនឯងកើតមក ក៏មិនបានមើលថែឲ្យបានល្អ មិនបានងូតទឹក មិនបានហូបគ្រប់គ្រាន់។ រាល់ថ្ងៃក្នុងខួរក្បាលមានតែពាក្យថាស្លាប់ដោយមិនដឹងថាខ្លួនខុសអ្វី។ រូបភាពទាំងអស់នោះអាក្រក់ណាស់ទៅហើយ ប៉ុន្តែការដែលឃើញកូនខ្លួនឯងដែលមានអាយុទើបតែ ៣ ខែស្លាប់នៅក្នុងដៃ ហើយជួយអ្វីមិនបានហើយសូម្បីតែយំក៏ធ្វើមិនបានទើបអាក្រក់ជាងរូបភាពទាំងអស់ទៅទៀត។
ម៉ាក់យាយរៀបរាប់បន្តទៀតថា នៅសម័យនោះ ពួកយើងបានជួបសុបិនអាក្រក់ជាច្រើន អាក្រក់ជាងនរកទៅទៀត។ មនុស្សដែលធ្លាប់តែជាញាតិមិត្តនឹងគ្នា ក៏អាចកាប់សម្លាប់គ្នាបាន។ លោកតាកូនឯងគាត់អត់មានបានធ្វើអ្វីខុសសោះ តែបែរជាស្លាប់ដោយសារតែគាត់មានចំណេះដឹងខ្ពស់។ បើនិយាយពីលោកតាខាងប៉ាកូនឯងវិញគាត់ក៏បាត់ខ្លួនទៅដោយគ្មាននរណាបានឃើញគាត់ដែរ។ ពួកយើងសន្មត់ថា គាត់បានស្លាប់ព្រោះមានអ្នកឃើញគាត់ដើរតាមកងឈ្លបខ្មែរក្រហមចេញទៅ គ្រាន់តែយើងរកសាកសពរបស់គាត់មិនឃើញ។
ខ្ញុំជឿថាក្មេងជំនាន់ក្រោយដូចជាខ្ញុំ។នៅពេលឮរឿងបែបនេះមុខជាលួចមានចិត្តគិតថាគាត់អាចកុហក។ព្រោះវាមិនសមថាមានមនុស្សអាចធ្វើអំពើអាក្រក់បែបនេះ។
ខ្ញុំ÷ ម៉ាក់! អ៊ំផលដែលមានស្មារតីមិនសូវល្អក៏ជាអ្នកដែលបានរួចខ្លួនដូចជាម៉ាក់ដែរឬ?
អ៊ំផលជាអ្នកជិតខាងរបស់យើងដែលរស់នៅតែម្នាក់ឯង ព្រោះគាត់គ្មានសាច់ញាតិទេ។ យើងតែងតែដាក់វេនគ្នាយកម្ហូបអាហារឲ្យគាត់រៀងរាល់ថ្ងៃ។ យើងជាក្មេងៗខ្លាចគាត់ខ្លាំងណាស់ ព្រោះគាត់ចូលចិត្តស្រែកស្ដីបន្ទោសឮៗ ដល់អ្នកណាក៏មិនដឹងជារៀងរាល់ថ្ងៃ។ ពេលខ្លះគាត់យំដល់សន្លប់ និងមានពេលខ្លះទៀតគាត់ក៏ដើរតាមមនុស្សប្លែកមុខ ព្រោះគិតថាជាកូនរបស់គាត់។

ម៉ាក់÷ អ៊ំផល គាត់ជួបរឿងឈឺចាប់ខ្លាំងណាស់ម៉ាក់មិនអាចនិយាយរឿងគាត់ទាំងស្រុងប្រាប់កូនបានទេព្រោះកូននៅមិនទាន់អាចយល់ពីរឿងអាម៉ាស់ទាំងនោះ។ កូនគ្រាន់តែដឹងថាអ៊ំផល គាត់បានបាត់បង់សមាជិកគ្រួសារទាំងអស់។ ប្ដី និងកូនទាំង ៥ នាក់របស់គាត់ ត្រូវខ្មែរក្រហមបាញ់សម្លាប់ម្ដងម្នាក់ៗនៅនឹងមុខរបស់គាត់ ហើយអ៊ំផលក៏ត្រូវខ្មែរក្រហមធ្វើបាបទៀតផងគ្មាននរណាម្នាក់ហ៊ានជួយទេ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print