ខេត្តកណ្តាល ៖ លោកយាយពិការជើងម្ខាងម្នាក់កំពុងសម្រាន្តជាមួយចៅអាយុ០៧ឆ្នាំ នៅសំយ៉ាបផ្ទះខាងមុខផ្ទះ ស្រាប់តែលឺសំឡេងផ្ទុះផាំងចេញពីក្នុងផ្ទះ ក៏ឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង ០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ ផាន់ រីម ភេទស្រី អាយុ៦៣ ឆ្នាំ (ពិការជើងឆ្វេង) រស់នៅផ្ទះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដោយអគ្គិភ័យនេះបានឆេះផ្ទះទំហំ៥ម៉ែត្រ x ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងធ្វើពីស័ង្កសី និងស្លឹក,ខូចខាតម៉ូតូហុងដាគុបចំនួន០១គ្រឿង ទូ ខោ អាវចំនួន០១ និងសម្ភារៈមួយចំនួនទៀត បណ្តាលឱ្យខូចខាតទាំងស្រុង ។
គួរបញ្ជាក់ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានសម្រាកជាមួយចៅប្រុសអាយុ៧ឆ្នាំ នៅសំយ៉ាបផ្ទះខាងមុខ បន្ទាប់មកក៏បានលឺសម្លេងផ្ទុះនៅក្នុងផ្ទះ ហើយក៏មានអណ្តាតភ្លើងលាយឡំជាមួយផ្សែងភ្លើងឆេះចេញពីក្នុងផ្ទះរាលចេញមកក្រៅៈខណនោះម្ចាស់ផ្ទះបានស្រែកហៅអ្នកជិតខាងអោយមកជួយពន្លត់ និងរាយការណ៍ជូនដល់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍ពើកកម្លាំងអន្តរាគមន៍ស្រុក បានចុះទៅដល់កន្លែងកើតហេតុ មានការចូលរួមពីប្រជាការពារ និងប្រជាពលរដ្ឋ សរុបប្រមាណ១៥នាក់បានធ្វើការពន្លត់អគ្គីភ័យត្រង់ចំណុចខាងលើ រហូតរលត់ទៅវិញ១០០% នៅវេលាម៉ោង០១និង២៥នាទីរំលងអាធ្រាត្រ នាថ្ងៃដដែល ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលពីទុស្សេខ្សែភ្លើង ៕