ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥នេះ ថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូ នៅវេលាម៉ោង២៣និង០៥នាទី មានករណី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៩នាក់ ជិះម៉ូតូ០៥គ្រឿង ។
ក្នុងករណីខាងលេី ក្រោយកេីតហេតុសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវតាមជំនាញរហូតដល់ទីតាំងកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ ហើយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង០២និង០០នាទី សមត្ថកិច្នគរបាលខណ្ឌដង្កោ សហការនិងការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ៖
១/ឈ្មោះ មាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ម៉ន រតនៈ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣/ឈ្មោះ ភឿន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយការឃាត់ជនសង្ស័យទាំង០៣នាក់នេះនៅចំណុចផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ដកហូតវត្ថុតាង៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KY-2270 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាក HONDA WINNER X ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LA-8925 ចំនួន០១គ្រឿង, ៣/ទូរស័ព្ទដៃម៉ាក IPhone 12ProMax ចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅចំនួន០១គ្រឿង, ៥/ទូរស័ព្ទដៃម៉ាក Oppo ពណ៌ផ្ទែមេឃចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួក០៦នាក់ទៀត (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពនៅកន្លែងផ្សេងៗ០២ករណីទៀតក្នុងភូមិសាស្ត្រផ្លូវជាតិលេខ២ និងម្ត៉ំផ្លូវ៦០ម៉ែត្រ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបន្ថែមទៀត រីឯជនសង្ស័យទាំង០៣នាក់ខាងលេីកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ