ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ បានសម្រេចដាក់តំបន់ជម្លោះព្រំដែនចំនួន៤ ដូចជា ៖ -ប្រាសាទតាមាន់ធំ
-ប្រាសាទតាមាន់តូច
-ប្រាសាទតាក្របី
-និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយមិនបញ្ចូលបញ្ហាទាំង ៤នេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នៅពេលខាងមុខឡើយ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) នឹងរៀបចំនៅទីក្រុងភ្នំពេញ ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមសេចក្តីថ្លែងការណ៍នៃរាជរដ្ឋាភិបាល បានឱ្យដឹងថា រដ្ឋាភិបាលនៅតែមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្រប់ជាតិសាសន៍ រួមទាំងប្រទេសជិតខាង។ ពាក់ព័ន្ធនឹងករណីដែលបានកើតឡើងនាព្រឹកថ្ងៃទី ២៨ មិថុនា ២០២៥ ដែលបណ្តាលឱ្យបានទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត បានធ្វើឱ្យកម្ពុជាសម្រេចចិត្តមោះមុតក្នុងការរក្សាជំហរថានឹងនាំយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ ដោយសារថៃបានប្រាសចាកជាមួយនឹងកិច្ចព្រៀមព្រៀងរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០០០ ដោយបានបាញ់សម្លាប់ទាហានខ្មែរលើទឹកដីកម្ពុជា។
ថ្វីត្បិតតែថៃបន្តស្នើចរចាចង់ឱ្យកម្ពុជាដោះស្រាយតាមយន្តការដែលមានស្រាប់ ដោយមិនយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិក៏ដោយ កម្ពុជាមិនរារែកក្នុងការយកបញ្ហានេះទៅកាន់ ICJ នោះឡើយ ដែលត្រូវបានសម្រេចតាំងពីថ្ងៃទី ២ មិថុនា ២០២៥ ក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តចង់រក្សាទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាង ដូចនេះកម្ពុជាសង្ឃឹមថាថៃនឹងចូលរួមសហការក្នុងករណីនេះ។
គួរបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជាថៃ នៅតំបន់នេះមិនមែនជាលើកទី១ដែលបានកើតឡើងនោះទេ តាំងពីតុលាការអន្តរជាតិបានកំណត់ថាប្រាសាទទាំងនោះជារបស់ខ្មែរនាឆ្នាំ១៩៦២។ បញ្ហាដដែលៗនេះបានកើតឡើងផ្ទួនៗ ដែលជាហេតុធ្វើឱ្យកម្ពុជាបានសម្រេចចិត្តប្រកាន់ជំហរក្នុងការលើកយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ ដើម្បីអាចដោះស្រាយបានប្រសើរឡើង ប្រកបដោយទុកមុខ ទុកមាត់ ឱ្យគ្នាទៅវិញ ទៅមក ៕
ដោយ ៖ សិលា