ទីក្រុងបាងកក ៖ ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការភូមិភាគទី២ នឹងចូលនិវត្តន៍នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ មុនពេលចូលនិវត្តន៍បែបនេះ វាមានពាក្យចរាមអារ៉ាមថា រដ្ឋាភិបាលថៃ អាចដកតំណែងមេបញ្ជាការភូមិភាគមួយនេះ ក្រោយចំណាត់ការដ៏រហ័សលើកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
យ៉ាងណាមិញ លោក Boonsin Padklang នឹងមិនត្រូវបានដកតំណែងឡើយរហូតដល់ពេលចូលនិវត្តន៍។ ដោយសារលោក Boonsin Padklang នឹងចូលនិវត្តន៍នៅខែតុលាខាងមុខ ការរើសបេក្ខជនស្នងតំណែងគឺសំខាន់សម្រាប់ថៃ និងយោធា ដែលមានឥទ្ធិពលនៅក្នុងប្រទេស។
អ្នកស្នងតំណែងមេបញ្ជាការភូមិភាគជាប់កម្ពុជា អាចមានចំនួន ៣រូប ដោយបុគ្គល ២រូប រៀនជំនាន់២៦ នៃសាលាយោធា Armed Forces Academies Preparatory School ជាមួយលោក Pana Klaewplodthuk មេបញ្ជាការកងទ័ពជើងគោកថៃ និងម្នាក់ទៀត រៀននៅជំនាន់ទី២៧ នៃសាលាយោធា Armed Forces Academies Preparatory School។
តាមការបញ្ជាក់របស់លោក Paul Chambers ដែលជាជនជាតិអាម៉េរិក និងជាអ្នកជំនាញយោធាថៃ សិស្សសាលាយោធា Armed Forces Academies Preparatory School ជាកត្តាដ៏សំខាន់មួយរបស់យោធា ក្នុងការពង្រឹងអំណាច ចាប់តាំងពីឆ្នាំ១៩៥៨។ ជារៀងរាល់ឆ្នាំ សិស្សសាលាយោធាពីមួយជំនាន់ទៅមួយជំនាន់ តែងមានឥទ្ធិពលនៅក្នុងយោធា តាមរយៈការពង្រឹងទំនាក់ទំនង ក្នុងជំនាន់របស់ខ្លួននោះឯង។
បេក្ខជនទីមួយ ដែលជាបេក្ខជនឈានមុខ និងអាចស្នងតំណែងជាមេបញ្ជាការភូមិភាគទី២ គឺ ឧត្តមសេនីយ៍ទោ Veerayuth Raksilp ដែលជាអតីតសិស្សសាលាយោធា Armed Forces Academies Preparatory School ជំនាន់ទី២៦ ដូចលោកមេបញ្ជាការកងទ័ពជើងគោក Pana ដែរ។ ក្នុងពេលបច្ចុប្បន្ន លោក Veerayuth Raksilp ជាមេបញ្ជាការរងនៃភូមិភាគទី២។
បេក្ខជនទីពីរគឺ ឧត្តមសេនីយ៍ទោ Norathip Poinok ក៏រៀននៅជំនាន់ទី២៦ នៃសាលាយោធា Armed Forces Academies Preparatory School ប៉ុន្តែលោកមានបទពិសោធតិចជាង លោក Veerayuth Raksilp។ លោកក៏ជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ មក។
ចំណែកបេក្ខជនទី៣ គឺឧត្តមសេនីយ៍ទោ Nat Sri-in ដែលរៀននៅជំនាន់ទី២៧ នៃសាលាយោធា Armed Forces Academies Preparatory School។ លោក Nat Sri-in ត្រូវបានតែងតាំងជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ និងមានបទពិសោធន៍ក្នុងការប្រយុទ្ធជាច្រើន។ លោក Nat Sri-in ក៏ចេះភាសាខ្មែរផងដែរ។
តាមអ្នកសង្កេតយោធាថៃ លោក Pana អាចនឹងជ្រើស Veerayuth Raksilp ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅក្នុងយោធា។ ប៉ុន្តែដោយសារបញ្ហាព្រំដែន វាអាចនឹងមានការប្រែប្រួល ក្នុងការជ្រើសរើសអ្នកស្នងតំណែង៕
ប្រភព ៖ ( Thmey Thmey)