រឿង នរកភ្នែកស្រស់(តចប់)

ចែករំលែក៖

ម៉ាក់យាយ÷ រយៈពេលជាង ៣ ឆ្នាំប្រជាជនគ្រប់គ្នារស់នៅក្នុងសង្គមមួយដែលគ្មានសាសនា គ្មានអ្នកចេះដឹង គ្មានសាមគ្គីភាពនឹងគ្នា គ្មានអនាម័យ ជីវិតមនុស្សមានតម្លៃអន់ជាងជីវិតសត្វទៅទៀត។ យាយពិតជាធ្លាប់មានគំនិតចង់ស្លាប់មិនតិចដងនោះទេក្នុងមួយថ្ងៃៗ ប៉ុន្តែកូនតូចទាំងអស់ត្រូវការយាយ។បើសិនជាយាយទៅបាត់ទៀត តើនរណានឹងមើលថែកូនតូចៗនេះ ? ហេតុនេះហើយទោះថាថ្ងៃស្អែកអាចនឹងត្រូវស្លាប់ ឬក៏អត់យាយមានតែស៊ូក្នុងចិត្តលួចបន់ស្រន់វត្ថុស័ក្តិសិទ្ធគ្រប់យ៉ាងពីសេចក្តីលំបាកអស់នេះ។
ម៉ាក់យាយត្អូញត្អែរពីទុក្ខលំបាករបស់គាត់។ មើលទៅអាចជួយឱ្យគាត់ធូរស្បើយចិត្តបានយ៉ាងច្រើននៅពេលនិយាយចេញមក។ ចំណែកឯម្ដាយរបស់ខ្ញុំវិញដកដង្ហើមវែងៗរួចក៏យកដៃមកអង្អែលក្បាលខ្ញុំស្រាលៗ ។ គាត់ញញឹមទាំងទឹកភ្នែក។ ខ្ញុំក៏យកដៃជូតទឹកភ្នែករបស់គាត់។ ទោះបីជាខ្ញុំជូតទឹកភ្នែករបស់គាត់យ៉ាងណាក៏នៅតែជូតមិនអស់ឡើយ។
ម៉ាក់÷ ម៉ាក់មិនចង់គិតទេថា បើម៉ាក់មានកូនៗសម័យនោះ តើដើមទ្រូងម្ដាយនិងឈឺចាប់យ៉ាងណាទេ? កូនក្មេងនៅពេលនោះ ទោះជាបានរៀន តែមិនបានរៀនអ្វីច្រើនក្រៅតែពីរឿងរ៉ាវរបស់អង្គការនោះទេ។ ក្មេងចេះអក្សរតិចតួចតែប៉ុណ្ណោះ ព្រោះអង្គការមិនត្រូវការអ្នកចេះដឹងទេ។
ខ្ញុំ÷ ម៉ាក់ចុះហេតុអ្វីក៏មិននាំគ្នារត់ទៅប្រទេសជិតៗឲ្យគេជួយយើង?
ម៉ាក់របស់ខ្ញុំតបសំណួររបស់ខ្ញុំយ៉ាងចិត្តត្រជាក់បំផុត ទោះជាខ្ញុំសួរច្រើនយ៉ាងណាក៏គាត់នៅតែព្យាយាមពន្យល់ខ្ញុំយ៉ាងអត់ធ្មត់ដែរ។
ម៉ាក់÷ មានមនុស្សជាច្រើនបានព្យាយាមរត់ជាពិសេសប្រជាជនដែលត្រូវបានចាត់តាំងឲ្យទៅរស់នៅតាមតំបន់ជាយដែន ប៉ុន្តែអ្នកដែលលួចរត់បានសម្រេចមិនមានច្រើននោះទេ។ អ្នកខ្លះត្រូវស្លាប់តាមផ្លូវដោយសារអត់អាហារ អ្នកខ្លះត្រូវសម្លាប់នៅពេលចាប់បាន អ្នកខ្លះដើរជាន់គ្រាប់មីនផ្ទុះស្លាប់ក៏មាន។
ម៉ាក់រៀបរាប់បន្តទៀតថា ម៉ាក់សប្បាយចិត្តបំផុតហាក់ដូចជាបានកើតជាថ្មីម្ដងទៀតអ៊ីចឹង នៅពេលយើងត្រូវបានរំដោះ ហើយម៉ាក់ក៏កាន់តែសប្បាយចិត្តដែលកូនៗអាចកើតមកនៅពេលដែលប្រទេសយើងលែងមានសង្គ្រាម។យើងបានឆ្លងកាត់នូវភាពឃោរឃៅមក ហើយយើងមិនចង់ឲ្យកើតឡើងទៀតនោះទេ។ កូនដែលជាក្មេងៗ ត្រូវធ្វើយ៉ាងណាបន្តធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងថែរក្សាសន្តិភាពនេះទុក ។
ម៉ាក់យាយ÷ត្រូវហើយចៅ! ម៉ែឯងនិយាយត្រូវ កាលនោះយាយសច្ចាក្នុងចិត្តហើយថា នរណាក៏ដោយដែលចូលមករំដោះយើងបាន។ទោះជាចង់ឱ្យយាយទៅបាញ់កាំភ្លើងតទល់ជាមួយខ្មែរក្រហមទាំងដែលយាយមិនចេះបាញ់ ក៏យាយព្រមដែរ សុំត្រឹមតែអាចបញ្ឈប់ភាពវេទនានៃការព្រាត់ប្រាស់នោះបាន។
ម៉ាក់របស់ខ្ញុំបានណែនាំខ្ញុំបន្ថែមទៀតថា មានមនុស្សជាច្រើនដែលនៅលាក់ទុករឿងរ៉ាវឃោរឃៅទាំងនោះនៅក្នុងចិត្ត។ អ្វីដែលកូនបានឮពីម៉ាក់នៅពេលនេះ គឺគ្រាន់តែជារឿងរបស់គ្រួសារយើងហើយវាគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ។ នៅមានរឿងរ៉ាវជាច្រើនទៀតបានកើតឡើងគ្រាន់តែប្រជាជនខ្លះមិនអាចនិយាយពីរឿងរ៉ាវរបស់ខ្លួនបាន ព្រោះការលើកយករឿងរ៉ាយនោះមកនិយាយប្រៀបដូចជាយកអំបិលមកជះលើស្នាមរបួសរបស់ខ្លួនឯងអ៊ីចឹង។ ទោះជាកន្លងហួសច្រើនឆ្នាំយ៉ាងណា ឬរហូតដល់ពេលដែលពួកយើងស្លាប់ទៅវិញ ក៏យើងគ្មានថ្ងៃភ្លេចរឿងទាំងអស់នោះបានដែរ។ នរកមួយនោះនៅតែតាមដងបន្លាចយើងរហូត។
ក្នុងនាមខ្ញុំជាក្មេងដែលកើតក្នុងពេលដែលប្រទេសមានសន្តិភាព ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមិនចាប់អារម្មណ៍ពីរឿងប្រវត្តិសាស្រ្តឡើយ។ ខ្ញុំមិនធ្លាប់មើលសៀវភៅទាក់ទងនឹងប្រវត្តិសាស្ត្រកាន់តែមិនធ្លាប់ឆ្ងល់ថា កម្ពុជាត្រូវឆ្លងកាត់អ្វីខ្លះទើបបានដូចសព្វថ្ងៃនេះ។ ទើបតែថ្ងៃនេះទេ ដែលខ្ញុំស្រាប់តែមានអារម្មណ៍ថា ខ្ញុំខ្មាសម៉ាក់យាយ និងម៉ាក់របស់ខ្ញុំជាខ្លាំងដែលមិនបានផ្ដល់តម្លៃដល់ការតស៊ូប្រឹងប្រែងរបស់គាត់។ ខ្ញុំពិតជាសោកស្ដាយដែលខ្ញុំមិនអាចធ្វើអ្វីមួយសម្រាប់ជនរងគ្រោះពីរបបខ្មែរក្រហម៕ (ចប់ដោយបរិបូរណ៍)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print