ភ្នំពេញ៖ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជានៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាកំណើនបុព្វលាភរ៉ាប់រង(ប្រាក់ចំណូល) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះសម្រេចបានក្នុងទឹកប្រាក់ចំនួន ១២៩,៥ លានដុល្លារ កើនឡើង ៦ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលជាកំណើនយឺតធៀបទៅនឹងបណ្តាប៉ុន្មានឆ្នាំមុន ។
យោងតាមរបាយការណ៍បានពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះបុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៣០,៣៤ លានដុល្លារផងដែរ កើនឡើងជិត ៣៩ ភាគរយពី២១,៧៦ លានដុល្លារក្នុងឆ្នាំ២០២៤។
នាឱកាសនោះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករ ធានារ៉ាប់រង កម្ពុជា បានថ្លែងថា វិស័យធានារ៉ាប់រង គឺ ជាវិយ័យហិរញ្ញវត្ថុ មិនមែនធនាគារ ដែលបាននឹងកំពុងដែរតួនាទី ជាសមាសភាគមួយដ៍សំខាន់ ក្នុងការទ្រទ្រង់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ ។ ស្ថេរភាពនយោបាយព្រមទាំងកំណើនសេដ្ឋកិច្ចដែលកម្ពុជារក្សាបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញដោយ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារបានធ្វើឲ្យទីផ្សារធានារ៉ាប់រង កម្ពុជា រីកចម្រើនរហ័ស ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្រ្តបញ្រ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក ប៊ូ ចាន់ភីរូអគ្គនាយក IRC បានថ្លែងនៅក្នុងព្រឹត្តិការណ៍កាលពីពេលកន្លងមកថា ដោយសារស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដែលកម្ពុជាបានរក្សាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤ភាគរយប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារក្នុងមនុស្សម្នាក់កាលពីឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សូចនាករនេះបង្ហាញថាទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរដូចជា កង្វះជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងជាសាធារណៈ»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភរ៉ាប់រងក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៥៦,៤៥ លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារផងដែរ កើនឡើងជិត ២០ ភាគរយពី៦៧ លានដុល្លារក្នុងឆ្នាំ២០២៣៕
ដោយ៖តារា