ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា ៖ យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ៕
ដោយ ៖ សិលា