ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប រយៈពេលពេញ១ខែឧសភា កន្លងទៅ បានដណ្ដើមអាយុជីវិតកុមារកម្ពុជាជាង១០ម៉ឺននាក់ពីមាត់មច្ចុរាជ។ នេះបើតាមតួលេខដែលប្រកាសដោយ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី០៦ ខែមិថុនា នេះ។
បើតាមតួលេខលម្អិត របស់មន្ទីរពេទ្យគន្ធបុប្ផា គឺពេញ១ខែឧសភា ឆ្នាំ២០២៥ មានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារជាង ១០ម៉ឺននាក់នេះ គឺកុមារចំនួន ៨១ ៩៥៩នាក់ បទទួលបានការពិនិត្យ និងព្យាបាលជំងឺក្រៅ, កុមារចំនួន ១៦ ០៤៤នាក់មានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។
មន្ទីរពេទ្យគន្ធបុប្ផាអះអាងរថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។
តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។
ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
រយៈពេល៥ ថ្ងៃបន្ទាប់ពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានប្រកាសបើជាផ្លូវការ ដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនេះទទួលបានថវិកាបរិច្ចាគពីសប្បុរសជនប្រមាណជាង៣.៥លានដុល្លារ៕
ដោយ៖តារា