កម្ពុជាមិនដកទ័ពចេញឡើយ ព្រោះជាទឹកដីកម្ពុជា និងបានឈរជើងជាអចិន្រ្តៃយ៍តាំងពីដើមរៀងមក!

ចែករំលែក៖

ភ្នំពេញ ៖ ពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ការឆ្លើយតបរបស់ប្រមុខការពារជាតិកម្ពុជា ជាមួយរដ្ឋមន្រ្តីការពារជាតិថៃ! កម្ពុជាមិនដកទ័ពចេញឡើយ ព្រោះជាទឹកដីកម្ពុជា និងបានឈរជើងជាអចិន្រ្តៃយ៍តាំងពីដើមរៀងមក!

លោកឧបនាយករដ្ឋមន្រ្ដី ទៀ សីហា បង្ហាញលទ្ធផលនៃជំនួបពិភាក្សាពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ 

លោកឧបនាយករដ្ឋមន្រ្ដី ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលកិច្ចប្រជុំនោះបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

លទ្ធផលនៃកិច្ចប្រជុំរួមមាន៖

– ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ រក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។

– ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ភាគីកម្ពុជា បដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ 

– ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ផលប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បាន បង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ យើង ក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុច ដទៃៗ ទៀត នាថ្ងៃខាងមុខ។

ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើ ឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើង ពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print