ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងពីខេត្តរតនគិរីថា ៖ បើមានកូន៥នាក់ ៣នាក់ទៅរួចមានអនាគត ហើយ២នាក់ជក់គ្រឿងញៀន នោះគឺខូចហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ យើងស៊ូ មានកូន៣នាក់ពូកែទាំង៣ មានអនាគតទាំង៣ ចៀសវាង គ្រួសារមានកូន៥ ហើយ៣នាក់ទៀតវេទនា នោះគឺជាបន្ទុកហើយ។ មនុស្សមួយ គ្រួសារមួយយ៉ាងណា សង្គមយ៉ាងនោះ។ ឪពុកម្ដាយ គ្រូបង្រៀន ត្រូវរួមគ្នាកសាងធនធានមនុស្ស។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ មិនត្រឹមតែសមត្ថភាពចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងឥរិយាបថល្អផង។ បើសិស្ស១០០នាក់ មាន៦០នាក់ប្រឹងរៀន ហើយ៤០នាក់ដើរកាប់ចាក់ អ៊ីចឹងយើងខូចហើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទូទៅសូមជួយអប់រំកូនចៅ និងកុំបន្ទោសសង្គម ដោយសារសង្គមកើតចេញពីគ្រួសារនីមួយៗ គ្រួសារល្អ នាំឱ្យសង្គមល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ប្រជាពលរដ្ឋត្រូវការអប់រំ ទោះបីនៅតំបន់ដាច់ស្រយាលក៏ដោយ ក្រសួងអប់រំយុវជន និងកីឡាត្រូវគិតគូរ បង្កើតសាលារៀន រចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យអប់រំ ឲ្យបានដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ យើងបានចូលរៀនគ្រប់ៗគ្នា ចប់វិទ្យាល័យឲ្យបានច្រើន ៕
ដោយ ៖ សិលា