ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង ជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ បានសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដើម្បីដោះស្រាយ ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ក្នុងខ្លឹមសានោះ លោកជំរុញឱ្យឱ្យអនុវត្តការអត់ធ្មត់បន្ថយភាពតានតឹង ដើម្បីឆ្ពោះទៅរកសន្តិភាព។
តាមរយៈបណ្តាញសង្គម លោកកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ អំពាវនាវដល់ប្រទេសថៃ និងកម្ពុជា បន្តអនុវត្តន៍ភាពដៃគូរ ចាត់វិធានការកាត់បន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយទៅតាមស្ថានភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷
១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ
២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី
៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ
៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕
ដោយ ៖ សិលា