ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាដាក់បណ្តឹងទៅតុលការយុត្តិធម៌អន្តរជាតិ( ICJ) មិនមែនដើម្បីបង្កើតសង្រ្គាមនោះទេ គឺចង់ដោះស្រាយបញ្ចប់បញ្ហាជាមួយមិត្តជិតខាងដោយស្មារតីសន្តិភាព សហប្រតិបត្តិការ គោរពគ្នា ឯកភាពគ្នា ផ្អែកទៅលើមូលដ្ឋានផែនទីជំនាន់បារំាងដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាកាលពីឆ្នាំ២០០០ ដើម្បីបញ្ចៀសសង្រ្គាម។
ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អំឡុងពេលដាក់បណ្តឹងទៅ ICJ យើងក៏ត្រៀមលក្ខណៈការពារទឹកដីរប់សយើងគ្រប់មធ្យោបាយរួមទាំងកងទ័ព ប៉ុន្តែជំហររបស់យើងទោះជាយ៉ាងណាក៏ដោយក៏យើងមិនបោះបង់ការដោះស្រាយបញ្ហាបច្ចេកទេសទេ្វរភាគីនៅតាមកន្លែងដែលមិនពាក់ព័ន្ធនេះបន្តទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្តីសង្ឃឹមថា ក្នុងកិច្ចប្រជុំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលថៃ និងកម្ពុជានឹងរកចំណុចរួមមួយដើម្បីបន្តដំណើរនៅក្នុងការចរចាបញ្ហាព្រំដែនដែលនៅសេសសល់ច្រើនរយគីឡូម៉ែត្រតទៅទៀត ទោះបី ៤ចំណុចនេះ កម្ពុជាបានយកទៅ ICJ ក៏ដោយ ប៉ុន្តែនៅមានច្រើនចំណុចទៀតដែលយើងត្រូវបន្តខណ្ឌសីមាបោះបង្គោលព្រំដែនតាមរយៈយន្តការទ្វេរភាគីផ្អែកទៅលើ MOU ឆ្នាំ២០០០។
ឆ្លៀតឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀងអាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី នេះជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ដល់កងទ័ពរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខ នេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េច កម្ពុជាទទួលស្គាល់ និងទទួលយកជានិច្ច។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់បងប្អូនក្នុង និងក្រៅប្រទេស ដែលបានចូលរួម ផ្ដល់ជាសម្ភារៈស្បៀង អាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីនេះ ជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ ដល់កងទ័ពរបស់យើង ៕
ដោយ ៖ សិលា