សម្ដេចតេជោ ហ៊ុន សែន បានអំនាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះកងទ័ពថៃ បិទព្រំដែនជាឯកតោភាគី មុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ សម្រាប់ជនរួមជាតិកម្ពុជា ត្រូវមានភាពចាស់ទុំ ថ្លៃថ្នូរ និងកុំបង្កហេតុ ។ សម្ដេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរៀបសារ តែមុឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ ។

ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដោយសម្ដេចបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេច ដោយមាន ខ្លឹមសារទាំងស្រុងថា ,
មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។

ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។

ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print