ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សាយ ឬចែកចាយព័ត៌មាន ដោយចៀសវាងការផ្សាយព័ត៌មានលឿនជ្រុល គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងទំនាក់ទំនងជាមួយប្រទេសដទៃ។
លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា ការដកស្រង់ប្រភពព័ត៌មានពីបរទេស ឬប្រភពមិនផ្លូវការ ត្រូវមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ។ លោកក៏បានអំពាវនាវឲ្យចូលរួមទប់ស្កាត់រាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ក្លែងបន្លំ ឬមានចរិតញុះញង់ ដែលអាចបង្កអសន្តិសុខ ឬប៉ះពាល់ដល់ការរើសអើងជាតិសាសន៍។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានគូសបញ្ជាក់ថា រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវតែធ្វើឡើងដោយមានការទទួលខុសត្រូវខ្ពស់ និងគិតគូរឲ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង។ ចំពោះអ្នកសារព័ត៌មានវិញ លោកបានក្រើនរំឭកថា ការផលិត និងផ្សព្វផ្សាយព័ត៌មាន ត្រូវតែអនុលោមតាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចូលរួមលើកស្ទួយឧត្តមប្រយោជន៍ជាតិ ដោយផ្តល់អាទិភាពដល់ព័ត៌មានដែលមានសារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា និងជាតិសាសន៍។ លើសពីនេះ អ្នកសារព័ត៌មានមានកាតព្វកិច្ចចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងការផលិតផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន។
ក្រសួងព័ត៌មានបានគូសបញ្ជាក់ ៥ វិធីការពារខ្លួនពីព័ត៌មានក្លែងក្លាយ៖
ទី១. កុំចែកចាយព័ត៌មានលឿនពេក ឬមិនទាន់បានអាន និងផ្ទៀងផ្ទាត់សិន។
ទី២. កុំជឿប្រភពព័ត៌មានពីបណ្តាញសង្គមទាំងស្រុង តែត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការដូចជា រាជរដ្ឋាភិបាល ក្រសួង ឬសមត្ថកិច្ច។
ទី៣. ជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារព័ត៌មានអាជីពដែលមានក្រមសីលធម៌ ដូចជាទូរទស្សន៍ វិទ្យុ ឬគេហទំព័រព័ត៌មានផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត។
ទី៤. ជៀសវាងការផ្សាយ ឬចែកចាយព័ត៌មានដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ ឬការរើសអើងជាតិសាសន៍។
ទី៥. ត្រូវផ្សាយ និងចែករំលែកតែព័ត៌មានពិត សុក្រឹត និងវិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមទាំងមូល។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើល និងពិនិត្យបន្តិចសិន កុំអាលចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្ត្រចំនួន៦ ដើម្បីដឹងថាព័ត៌មាននោះពិត ឫជាព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា វិធីសាស្ត្រចំនួន៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖
ទី១. ពិនិត្យប្រភព៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយ គឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរ ឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរ ឬទេ?
ទី២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។
ទី៣. ត្រិះរិះពិចារណាពេលអាន៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។
ទី៤. ពិនិត្យភស្ដុតាង៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។
ទី៥.
សង្កេតរូបភាពក្លែងក្លាយ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។
និងទី៦. តើស្ដាប់ទៅសមហេតុផល ឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ៕
ដោយ ៖ សិលា