អ្នកនាំពាក្យក្រសួងការងារ៖​ ទទូចដល់អ្នកប្រើបណ្ដាញសង្គម សូមកុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីថៃ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា​ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង View ធ្វើឱ្យសង្គមជាតិមានផលប៉ះពាល់ដោយសារសកម្មភាពរបស់យើង។ ខ្មែរយើងត្រូវតែប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ដើម្បីសង្គមជាតិដ៏ស្រស់ផូរផង់របស់ខ្លួន»។

ការស្នើសុំរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ដែលចង់ទាក់ទាញឱ្យមានអ្នកចូលមើលច្រើន (MMO) បានប្រើប្រាស់រូបភាពពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ មកបង្ហោះឡើងវិញជាមួយនឹងការសរសេរចំណងជើងថា ពេលនេះ ពលករខ្មែរកំពុងសម្រុកចេញពីប្រទេសថៃ នាអំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

បើតាមអ្នកនាំពាក្យរូបនេះ មិនមានបាតុភាពណាមួយជាអវិជ្ជមានធ្ងន់ធ្ងរទៅលើពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសថៃនោះទេ ពោលគឺស្ថានការណ៍រស់នៅ និងការប្រកបការងារមានប្រក្រតីភាពដូចធម្មតា។

...

សម្រាប់អ្នកនាំពាក្យក្រសួងការងារ ការផ្សព្វផ្សាយលើបណ្តាញសង្គម គឺជាសិទ្ធិដ៏បរិបូរណ៍របស់ពលរដ្ឋ ប៉ុន្តែសូមផ្សព្វផ្សាយតែព្រឹត្តិការណ៍ពិតប្រាកដ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print