ភ្នំពេញ៖ ស្ពានអាកាសសម្តេចធិបតីហ៊ុន ម៉ាណែត ដែលមានទិសដៅភ្ជាប់ពីផ្លូវ៦០ម៉ែត្រឆ្ពោះទៅអាកាសយានដ្ឋានអន្តរ ជាតិតេជោក្រុងតាខ្មៅ នឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ នេះ ស្ពាននេះប្រើរយៈពេលសាងសង់១២ខែ(ចាប់បើកការដ្ឋាន១៧ មិថុនា២០២៤) តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា១៦២០០៥០០ដុល្លារអាមេរិកថវិការាជរដ្ឋាភិបាល សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា ។ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុន សែនប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្ត កណ្តាល ត្រូវបានឈានដល់ការ ធ្វើពិធីតភ្ជាប់តួស្ពាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតមកដល់ ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំង មូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ ចំណែកស្ពានអាកាសដែលមានទិស ដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុង ខែកក្កដាឆ្នាំ២០២៥ខាងមុខ។
សូមបញ្ជាក់ថា៖ ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋា ភិបាល ជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាស យានដ្ឋានអន្តរជាតិតេជោ ស្ពានទី២:ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោហ៊ុនសែន ទម្ងន់ផ្ទុកអនុញ្ញាត២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ មានគន្លងចរាចរណ៍ចំនួន៣គន្លង ទទឹងស្ពានប្រវែង៩.៥០ ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូAC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។រវាងប្រឡោះស្ពានទី ១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែត៕