ភ្នំពេញ ៖ លោកបណ្ឌិត គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ក្នុងនយោបាយជាតិ, ក្នុងប្រព័ន្ធអប់រំ និងក្នុងផែនទី, ខ្មែរយើងមិនដែលមានមហិច្ឆតាទៅឈ្លានពានប្រទេសណាមួយទេ សូម្បីតែដើរកាត់ព្រំដែនគេដោយគ្មានការអនុញ្ញាតក៏មិនដែលផង។ ខ្មែរយើងនេះណា គឺចង់បានតែសុខទេ។
លោកបណ្ឌិត គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ៖ ក្នុងនយោបាយជាតិ ចាប់ពីក្រោយសម័យអង្គរមក ខ្មែរគ្មាននយោបាយពង្រីកទឹកដីទេ គឺមាននយោបាយត្រឹមតែការពារទឹកដី និងប្រាថ្នារួមស់ដោយសន្តិភាពនិងសុខុដមរមនាជាមួយអ្នកជិតខាង។ ប៉ុន្តែ ទឹកដីយើង, យើងការពារមិនសូវបានគង់វង្សទេ អ្នកជិតខាងចេះតែលេបត្របាក់និងច្រឹបយកជាបន្តបន្ទាប់រហូតសល់ប៉ុនបាតដៃដូចសព្វថ្ងៃ។ ឯការចង់ត្រឹមតែរស់នៅស្ងប់សុខ ក៏អ្នកជិតខាងមិនសូវឱ្យយើងសុខទៀត គេលូកខាងលិច លូកខាងកើត គេអុកឡុករុកគួន ចូលកកូរកកាយផ្ទៃក្នុងយើង និងបង្កជម្លោះគ្រប់បែបយ៉ាងអត់ឈប់ឈរ។ ឯអ្នកខាងនោះវិញ គេមាននយោបាយយូរអង្វែង ម្នាក់មាននយោបាយមកទិសខាងលិច ម្នាក់មាននយោបាយមកទិសខាងកើត។ យើងប្រៀបដូចដុំសាច់នៅក្នុងហ្វូងត្មាត។
ក្នុងប្រព័ន្ធអប់រំផ្លូវការវិញ យើងមិនសូវឱ្យកូនចៅយើងរៀនប្រវត្តិសាស្ដ្រនិងនិយាយរឿងព្រំដែនទេ ដោយចាត់ទុកថាជារឿងនយោបាយ ដែលមិនគួរមាននៅក្នុងប្រព័ន្ធអប់រំ។ ហេតុដែលយើងមិនឱ្យក្មេងរៀនបានយល់ដឹងហ្នឹងហើយ បានអ្នកនយោបាយខ្លះយកបញ្ហាព្រំដែនជជាសន្លឹកបៀរនយោបាយយុទ្ធសាស្ត្ររបស់ខ្លួន។ បើក្មេងខ្មែរដឹង ពួកគេលែងជឿអ្នកនយោបាយភូតហើយ, ហើយប្រហែលមានទឹកចិត្តស្នេហាជាតិយូរអង្វែងនិងមានស្ថិរភាពជាងនេះ។ ប៉ុន្តែ ខាងគេវិញ ទាំងសងខាង កម្មវិធីអប់រំផ្លូវការរបស់គេចាប់តាំងពីថ្នាក់បឋមសិក្សា បង្កប់គំនិតឈ្លានពាន និងកាឡៃប្រវត្តិសាស្ត្រគ្រប់បែបយ៉ាង ដើម្បីជំរុញមោទនភាពជាតិ លើកកម្ពស់ទឹកចិត្តស្នេហាជាតិ និងរហូតដល់ជានិយមជ្រុល ក៏គេនៅតែចាត់ទុកថាល្អ។
លោកបណ្ឌិត គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ៖ ចំណែកឯផែនទីវិញ យើងគោរពយ៉ាងខ្ជាប់ខ្ជួននូវផែនទីដែលបន្សល់ដោយសម័យអាណានិគម និងគោលការណ៍ច្បាប់អន្តរជាតិនៃខ្សែព្រំដែនអន្តរជាតិមិនកែប្រែ។ ឯគេខាងនោះវិញ គេប្រើផែនទីណាដែលគេគិតថាគេមានប្រៀប ឬគេគូសនិងប្រើប្រាស់ផែនទីជាឯកតោភាគីដើម្បីឈ្លានពានយើង។ ថ្នាក់ដឹកនាំយើង គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានហៅផែនទីនោះថាជាផែនទីចោរ និងបានបញ្ជាឱ្យដកចេញពីទឹកដីយើង បើមិនដក វាយ។
ជារួមទៅ ទាំងទិដ្ឋភាពនយោបាយ អប់រំ និងផែនទី យើងឈរលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងសច្ចភាពប្រវត្តិសាស្ត្រ, ឯខាងគេ ឈរលើមហិច្ឆតាឈ្លានពាន ភាពក្រឡិចក្រឡុច ការកាឡៃប្រវត្តិសាស្ត្រ និងកម្លាំងបាយ។
ដូច្នេះ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសុខសន្តិភាពស្រុកយើង, យើងត្រូវតែកែទម្រង់ជាក់ស្តែងមែនទែនលើប្រព័ន្ធអភិបាលកិច្ចរដ្ឋ, ពង្រឹងគុណភាពធនធានមនុស្ស សមត្ថភាពយោធា សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពការទូតនិងឥទ្ធិពលលើសាធារណមតិអន្តរជាតិតាមរយ:ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ។ បើមិនដូច្នោះទេ យើងនឹងបន្តចាញ់ប្រៀបអ្នកជិតខាងរាប់សតវត្សរ៍ទៅមុខទៀត។ សន្តិភាពគ្មាននរណាដាក់លើជើងពានយកមកឱ្យយើងទេ ហើយទឹកដីយើង ក៏គ្មាននរណាគេជួយការពារយើងដែរ, គឺយើង, គឺយើងទាំងអស់គ្នា៕
ដោយ ៖ សិលា