ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈខឹងបងប្រុសបង្កើតឃាត់ ពេលដែលរករឿងម្តាយបង្កើត កើតចិត្តខឹងស្ទុះទៅទាញដងសម្រាប់ជូតផ្ទះវាយទៅលើបងប្រុស ហើយថែមទាំងគប់កញ្ចក់រថយន្តរបស់បងបែកទៀត។ តែដោយទ្រាំនិងទង្វើរបស់ប្អូនមិនបានការទៅដាក់ពាក្យបណ្តឹងតែម្តង។
ករណីប្អូនប្រុសរករឿងម្តាយ និងវាយទៅលើបងប្រុស ហើយត្រូវបាននគរបាលឃាត់ខ្លួននោះ កើតឡើងកាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នភចំណុចក្នុងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនដៃដល់ជាប្អូនដែលនគរបាលឃាត់ខ្លួនមានឈ្មោះ នុត វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី។
ចំណែកជនរងគ្រោះជាបងមានឈ្មោះ នុត ម៉ៅ អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ~ឃុំជាមួយគ្នា រងរបួសដៃខាង ឆ្វេង ហើយកញ្ចក់រថយន្តរងការខូចខាត។ បើតាមការឱ្យដឹងពីនគរបាលស្រុកគងពិសីថា មានករណីហិង្សាដោយចេតនា (បង្ករបួសស្នាមនិងធ្វើឲ្យខូចខាតដោយចេតនា) បានកើតឡើងនៅចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយឈ្មោះ នុត វិបុល រស់នៅភូមិកើតហេតុខាងលើ បានស្រែកឡូឡារករឿងម្ដាយបង្កើត ដែលស្នាក់នៅជាមួយឈ្មោះ នុត ម៉ៅ នៅភូមិជាមួយគ្នា(ជនរងគ្រោះ ត្រូវជាបងប្រុសបង្កើត) ជនរងគ្រោះជាបង បានប្រាប់ឈ្មោះ នុត វិបុល (ជនសង្ស័យ)ឲ្យចេញពីផ្ទះរបស់ខ្លួនទៅ បើឃាត់មិនស្តាប់ និយាយមិនតាមនោះ។
នគរបាលស្រុកគងពិសីបានបន្តថា គ្រាន់តែលឺសម្លេងជនរងគ្រោះជាបង និយាយដូចនោះ ជនសង្ស័យជាប្អូន កើតចិត្តខឹងក៏ស្ទុះទៅទាញដងឧបករណ៍សម្រាប់ជូតផ្ទះ វាយទៅលើឈ្មោះនុត ម៉ៅ ត្រូវជាបងបង្កើតចំដើមដៃខាងឆ្វេងបណ្តាលឲ្យរងរបួសស្រាល និងបានយកដុំថ្មរគប់កញ្ចក់រថយន្ត និងគប់ទ្វាកញ្ចក់ផ្ទះបណ្តាលឲ្យបែកថែមទៀតផង។
ដោយទ្រាំនិងសកម្មភាពជនដៃដល់ជាប្អូន មិនបានបង ប្រុសក៏ដាច់ចិត្តដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ មានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យ ដៃដល់ជាប្អូនតែម្តង។ នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យជាប្អូន នគរបាលដកហូតវត្ថុដងឧបករណ៍សម្រាប់ជូតផ្ទះចំនួន០១។
ចំណែនជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕