ខេត្តបាត់ដំបង៖ ត្រីក្លាសេ(ត្រីប្រា)៣រថយន្តដែលក្រុមឈ្មួញដឹកជញ្ជូននាំចេញពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចជំនាញខេត្ត បាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាត់ដំបង ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
រថយន្តទាំង៣គ្រឿងខាងលើជាប្រភេទរថយន្តដឹក ទំនិញដែលមានផ្លាកលេខទី១-បាត់ដំបង 3A-2240, ទី២ ផ្លាកលេខ ភ្នំពេញ 3F-4883និងទី៣ ផ្លាកលេខ កំពង់ធំ 3A-0959 ដែលរថយន្តទាំងបីគ្រឿងខាងលើនេះត្រូវបានប្រភពលើកឡើងថាតែងតែធ្វើសកម្មភាពដឹកជញ្ជូនត្រីក្លាសេ(ត្រីប្រា)រាប់តោនក្នុង១ជើងៗនាំ ចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ខេត្តបាត់ដំបង ដែលឆ្លងកាត់ទីតាំងគយជាច្រើនកន្លែងដោយរលូនមិនដែលឃើញមានការហាមឃាត់ឬបង្ក្រាបឡើយ បើទោះបីជាមានបទបញ្ជាពីថ្នាក់លើឱ្យមន្ត្រីជំនាញគ្រប់ច្រកចូលរួមទប់ស្កាត់រាល់ការនាំចូលសាច់បង្កក ត្រី សាច់ ក្លាសេ គ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាងយ៉ាងណាក្តី ជាក់ស្តែងយើងសង្កេត ឃើញច្រកតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែមានឈ្មួញដឹកជញ្ជូនត្រីក្លាសេ និងពងត្រី ជាប្រភេទត្រីប្រា បានយ៉ាងរលូនដដែល។
គួរបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល តែងតែធ្វើការឆែកឆេរនិងបង្ក្រាបបានរថយន្តដឹកជញ្ជូនត្រីក្លាសេគ្រប់ប្រភេទដែលនាំចេញពីប្រទេសថៃ។
ជាក់ស្តែងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានបង្ក្រាបបានរថយន្ត៣ គ្រឿងដែលក្រុមឈ្មួញដឹកជញ្ជូនត្រី និងពង ត្រីប្រាក្លាសេ ពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ យកមកទំលាក់ចែកចាយនៅផ្សារប្រហុក ក្នុងទឹកដីស្រុកឯកភ្នំ បន្ទាប់មករថយន្តទាំង០៣គ្រឿងត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕