លោក យី វាសនា ធ្វើបច្ចុប្បន្នភាពលើការហ្វឹកហាត់របស់កីឡាករ វ៉ាន វ៉ុន

ចែករំលែក៖

ភ្នំពេញ៖ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចុះធ្វើបច្ចុប្បន្នភាពលើការងារហ្វឹកហាត់របស់កីឡាករជនពិការ វ៉ាន វ៉ុន នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដែលគ្រោងចេញដំណើរទៅចូលរូមប្រកួតកីឡាប៉ារ៉ាឡាំពិកកម្រិតពិភពលោកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាថ្ងៃព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

លោក យី វាសនា មានប្រសាសន៍ថា ការចុះពិនិត្យមើលការងារហ្វឹកហាត់របស់កីឡាករកីឡាការិនីនេះគឺដើម្បីជំរុញនិងលើកទឹកចិត្តឲ្យពួកគាត់កាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្រៅពីការហ្វឹកហាត់ខ្លាំងហើយនោះយើងត្រូវធ្វើបច្ចុប្បន្នភាពទៅលើកាយសម្បទារបស់ពួកគាត់ ។ ពិសេស កីឡាករ វ៉ាន វ៉ុន ដែលជាបេក្ខជនតែម្នាក់ គត់របស់កម្ពុជាត្រូវបានគណៈកម្មាធិការ កីឡាប៉ារ៉ាឡាំពិកពិភពលោកអនុញ្ញាតឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកពិភពលោកនៅប្រទេសប្រេស៊ីល។

លោកបានបញ្ជាក់ថា កីឡាករវ៉ាន វ៉ុន គឺជាក្តីសង្ឃឹមរបស់កម្ពុជា ដូច្នេះវ៉ាន វ៉ុនត្រូវការការយកចិត្តទុកដាក់ខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ពិសេសបើគាត់គិតតែពីហ្វឹកហាត់ ដោយពុំបានគិតពីកាយសម្បទាក៏ពិបាកដែរ ។ ដូច្នេះការចុះពិនិត្យមើលម្តងម្កាលនេះសំខាន់ណាស់សម្រាប់លើកទឹកចិត្តគាត់ ហើយក្រៅពីពិនិត្យលើការងារហ្វឹហាត់រួចហើយព្រឹកនេះយើងមានក្រុមគ្រូពេទ្យពិនិត្យ សុខភាពអ្នកជំនាញត្រួតពិនិត្យឧបករណ៍ របស់កីឡាករវ៉ាន វ៉ុនប្រភេទពិការ T44 ទទួលបានសិទ្ធិពីគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកពិភពលោកអនុញ្ញាតឲ្យកម្ពុជាបញ្ជូនរូបគេទៅប្រកួតលើប្រភេទកីឡាអត្តពលកម្មផ្នែកជិះរទេះ។

លោកបានអះអាងថា ការចុះពិនិត្យមើលម្តងៗនេះមានសារសំខាន់ខ្លាំងណាស់ដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីជនពិការដែលចាប់ពីពេលនេះតទៅយើងលែង បន្ទោសរឿងទីលានហ្វឹកហាត់ទៀតហើយ ពីព្រោះទីលានហ្វឹកហាត់របស់យើងដូចទីលានដែលដាក់ឲ្យប្រកួតរបស់ប្រទេសគេដែរ។

ដូច្នេះការចាញ់ឬក៏ឈ្នះគឺអាស្រ័យលើសមត្ថភាពជាក់ស្តែងរបស់កីឡាករ ម្នាក់ៗដែលខំប្រឹងហ្វឹកហាត់។ លោក យី វាសនា បានបញ្ជាក់ថា ការចុះពិនិត្យនេះ ដើម្បីយើងបានត្រៀមអ្វីខ្លះសម្រាប់រៀបចំខ្លួនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣ដែលកម្ពុជាយើងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ានហ្គេមនោះ។

លោកបញ្ជាក់ ទៀតថា “ខ្ញុំសង្ឃឹមថា កីឡាករ វ៉ាន វ៉ុន អាចទទួលបានជោគជ័យ ពីព្រោះការហ្វឹកហាត់របស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងច្រើន” ដូច្នេះអ្វីដែលយើងបោះទុនទៅហើយវាប្រាកដជាទទួលបានលទ្ធផលល្អជាពុំខានឡើយ។

ការប្រកួត កីឡាបារ៉ាឡាំពិកពិភពលោកពីឆ្នាំ២០០០ធ្វើនៅទីក្រុងស៊ីដនីប្រទេអូស្ត្រាលី, ឆ្នាំ២០០៤ នៅទីក្រុងអាថែនប្រទេសក្រិច, ឆ្នាំ២០០៨នៅទីក្រុងប៉ីធីញប្រទេសចិន, ឆ្នាំ២០១២ ធ្វើនៅទីក្រុងឡុងប្រទេសអង់គ្លេស និងឆ្នាំ២០១៦នេះធ្វើនៅទីក្រុងរីយ៉ូប្រទេស ប្រេស៊ីល៕

photo_2016-08-26_15-22-02 photo_2016-08-26_15-22-31 photo_2016-08-26_15-22-45

ដោយ៖ សារីម

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print