រឿង នរកលោកិយ៍បីឆ្នាំប្លាយ(តចប់)

ចែករំលែក៖

* ជីវិតរស់នៅកងចល័ត÷
ពាក្យថា(កងចល័ត) មានពីរគឺកងចល័តតំបន់និងកងចល័តតាមសហករណ៍។ កងចល័តតំបន់ គឺអង្គការប្រមូលយុវជន យុវនារីរែកដីប្រឡាយនៅតំបន់ណាដែលលំបាកខ្លាំងតាមសមរភូមិក្តៅនៅឆ្ងាយៗដូចជា អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ អាងកំពីងពួយខេត្តបាត់ដំបង។ ឯកងចល័តតាមសហករណ៍ គឺជាកងចល័តដែលអង្គការប្រមូលយុវជន យុវនារី ឬវ័យកណ្ដាលឲ្យធ្វើការលើកទំនប់លើកភ្លឺស្រែជីកប្រឡាយ ធ្វើស្រែនៅតាមភូមិឃុំ និងសហករណ៍ជិតៗលំនៅឋាន។
នែ! វាសនា ថ្ងៃនេះមិត្តឯងត្រូវនាំកូនក្រុម 10 នាក់រែកកណ្ដាប់ស្រូវទៅដាក់ក្រោយវត្តចារលើ។ មេកងម្នាក់ដាក់ទិសបញ្ជាវាសនា។
វាសនា គឺជាប្រជាជនមូលដ្ឋានដូច្នេះអង្គការបានឲ្យវាសនាមើលការខុសត្រូវប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុង។ នៅពេលធ្វើជាមេក្រុម វាសនា ក៏ធ្វើការដូចកូនក្រុមដែរ។ ថ្ងៃមួយវាសនាបានរែកកណ្ដាប់ស្រូវដាច់ឆ្ងាយពីប្រជាជនផ្សេងទៀតមកដល់កន្លែងដើមស្រូវដែលខ្ពស់លេចក្បាលបាត់ វាសនា បានអង្គុយចុះលូកយកកូនក្រណាត់ប៉ុនបាតដៃពីហោប៉ៅខោ ហើយកាយដីឲ្យគ្រលុកបន្តិច។ វាសនាបានយកក្រណាត់ទ្រាប់ក្នុងគ្រលុកនោះរួចបូតគួរស្រូវដាក់ហើយយកដងរែកបុកស្រូវ ដោយភ្នែកលួចមើលជុំវិញខ្លួនទាំងភ័យខ្លាចកងឈ្លបឃើញ។ បុកស្រូវរួច វាសនា ក៏យកមកផ្លុំនឹងដៃឲ្យជ្រះក្បាលអង្កាមខ្លះ នៅខ្លះហើយយកមកហូប។នៅពេលដែលវាសនាហូបអង្ករនោះរួច វាសនា បានលុបគ្រលុកនោះវិញ។ វាសនាតែងតែធ្វើយ៉ាងនេះជារៀងរាល់ពេលធ្វើដំណើរឆ្លងកាត់ទីនោះ។ក្រោយមកទៀត អង្គការឈប់ឱ្យវាសនារែកកណ្ដាប់ស្រូវទៀតហើយ។ អង្គការឲ្យវាសនាទៅច្រូតស្រូវម្ដង។ វាសនាតែងតែទំពារស៊ីស្រូវព្រោះវាសនាមិនដែលហូបបបរបានឆ្អែតទេ។ ក្រោយមកពេលឃើញមិត្ត ហេង ដែលជាប្រជាជនថ្មីបានស្លាប់ដោយសារទល់លាមក វាសនា ឈប់ហ៊ានហូបស្រូវតទៅទៀត។
វាសនា÷ ម៉ែកូនហូបមិនឆ្អែតទេម៉ែ រួចការងារពេលល្ងាចហើយកូនមករកបន្លែនៅផ្ទះ ព្រោះនៅកងចល័តឯវាលអត់មានបន្លែទេ។មានតែបបររាវ។ វាសនាលួចរត់មកផ្ទះក្រោយពេលសម្រាកពីការងារនៅពេលល្ងាចដោយមិនបានប្រាប់មេកងឲ្យដឹងឡើយ។
យាយលី÷ វាសនាថ្ងៃក្រោយមុននឹងកូនមក កូនត្រូវប្រាប់គេឲ្យបានដឹងខ្លាចគេធ្វើបាបកូនណា៎
មិនបង្អង់យូរ វាសនា បានប្រមូលបន្លែដូចជាត្រប់ ត្រកួន ផ្ទី ននោង ត្រកួន និងល្ហុង បានកន្លះការ៉ុងដើរផងរត់ផងទៅកន្លែងធ្វើការវិញទាំងហត់ដង្ហក់។
* រៀបការសេរីម្ដង ៥០ គូ ÷
នៅវាលដង្កៀបក្តាមមនុស្សជាច្រើនមានសម្លៀកបំពាក់ចាស់ៗចម្រុះពណ៌ ហើយប៉ះបំណះជាច្រើនបំណះ។ ប្រជាជនមានរាងកាយស្គមស្គាំង ស្លេកស្លាំងថែមទាំងហើមមុខមាត់ ដៃជើងដើរស្ទើរមិនរួចកំពុងអង្គុយស្ដាប់ការប្រជុំរបស់ តាមោង មេតំបន់ ៥ ដែលកំពុងនិយាយឆ្ការដៃជើងលើវេទិកា ថែមទាំងមានកងទ័ពខ្មែរក្រហមមកការពារយ៉ាងប្រុងប្រយ័ត្ន។ ទង់ប្រាសាទកំពូលបីដែលមានពណ៌ក្រហមបានដាក់ជាច្រើននៅលើវេទិកា។
តាមោង÷ ពុកម៉ែបងប្អូនទាំងអស់គ្នា! ថ្ងៃនេះអង្គការបានរៀបចំធ្វើមហាសន្និបាតមួយយ៉ាងធំ ឲ្យបងប្អូនជួបជុំសប្បាយរីករាយ។ សម័យលន់ នល់ គេធ្វើបុណ្យត្រូវមានព្រះសង្ឃប៉ុន្តែការធ្វើបុណ្យរបស់អង្គការខ្មែរក្រហមយើង មិនចាំបាច់មានព្រះសង្ឃទេ ព្រោះគ្មានប្រយោជន៍មិនឃើញបុណ្យណាមកជួយ។ ជាក់ស្ដែង ដូចអង្គការដែលឱ្យបងប្អូនធ្វើទំនប់ ប្រឡាយ ធ្វើស្រែកើតបានជាបាយ នេះទើបជាបុណ្យ ។
និយាយរួចកងទ័ពខ្មែរក្រហមនាំគ្នាផ្ទះដៃ ស្រែក ជយោ! ជយោ! អង្គការមហាលោតផ្លោះ មហាអស្ចារ្យ។
វាសនា ក៏មកប្រជុំសន្និបាតជាមួយប្រជាជនដទៃទៀតដែរ។វាសនា បានយកដៃកេះ តាភឹមដែលអង្គុយជិតហើយឱនខ្សឹបថា
– កុហកសោះ អង្គការនេះប្រជាជនគ្នាហូបបបរាវដើរចង់ដួលថាហូបបាយឆ្អែតទៅរួច។
តាភឹម÷ ឈប់និយាយទៅចៅប្រយ័ត្នស្លាប់ អង្គការស្ដាប់ឮ ចៅត្រូវធ្វើល្ងង់ធ្វើគ ធ្វើថ្លង់ ទើបចៅអាយុវែង។
បីថ្ងៃបន្ទាប់មក អង្គការហៅម្ដងមួយគូៗឡើងប្តេជ្ញារៀងៗខ្លួនរហូតដល់គ្រប់ ៤៩ គូ។ដោយឡែកនៅគូទី ៥០ ដែលជាគ្រូចុងក្រោយ ត្រូវជាគូរបស់រំដួលនិងកងទ័ពកំលោះម្នាក់ បានឡើងកាន់ដៃគ្នាប្ដេជ្ញាចិត្ត។ រំដួលមានទឹកមុខស្រពោន ទឹកភ្នែកហូររហូតហើយខំលាក់មិនហ៊ានឲ្យអង្គការដឹងទេ។ នាងយកកន្សែងដែលអង្គការប្រគល់ឲ្យជូតទឹកភ្នែក។ វាសនា បានឃើញសង្សារកម្សត់របស់ខ្លួនរៀបការយំផង ក្រៀមក្រំផងក៏ដោយ ក៏ វាសនា មិនហ៊ានឲ្យអង្គការដឹងទេ។ វាសនានៅតែខំប្រឹងរក្សាទឹកមុខធម្មតា។
បន្ទាប់ពីទាំង 50 គូផ្ដាជ្ញារួចកងទ័ពខ្មែរក្រហមម្នាក់ស្រែកខ្លាំងៗដាក់មេក្រូថា
អង្គការរៀបការម្ដង ៥០ គូនេះមិនឲ្យខាតការងារត្រូវធ្វើ។ អង្គការយើងដើរមើលពេលផ្សំដំណេកយប់នេះ ប្រសិនបើមិត្តនារីណាម្នាក់ហ៊ានប្រឆាំងរៀបការ ហើយមិនព្រមដេកជាមួយកងទ័ពរបស់យើង នៅពេលអង្គការរបស់យើងឃើញហើយនឹងវាយចោល កុំថាអង្គការកាច។
នៅពេលផ្សំដំណេក អង្គការឲ្យដេកជុំគ្នាទាំងអស់ ដោយគ្រាន់តែយកស្លឹកឈើ។ឬអ្វីមកបិទបាំងបន្តិចបន្តួចប៉ុណ្ណោះ ហើយមានកងឈ្លបដើរតាមដានលបមើលនៅពេលយប់នោះដោយប្រុងប្រយ័ត្ន។(ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print