ភ្នំពេញ ៖ នេះជាបុគ្គលក្រុមប្រឆាំងឈ្មោះ អែម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ដែលមានតួនាទីជា ប្រធានបណ្តាញយុវជនសកលប្រចាំប្រទេសថៃ និងកំពុងរស់នៅប្រទេសថៃ។
បុគ្គលរូបនេះ ក្រោមការបញ្ជារបស់ទណ្ឌិត សម រង្ស៊ី បានដើរតួនាទី និងលផិតវីដេអូក្លែងក្លាយ ដោយស្លៀកឯកសណ្ឋានកងទ័ព ហើយប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងថ្នាក់ដឹកនាំយើងយ៉ាងខ្លាំង។
សូមបងប្អូនកុំជឿ និងចែកចាយបន្តវីដេអូដែលបុគ្គលប្រឆាំងរូបនេះផលិត និងយកទៅបង្ហោះ។
សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចថៃ តាមស្រាវជ្រាវ និងអាចឈានដល់ការចាប់ខ្លួនជនប្រឆាំងម្នាក់នេះមកកាត់ទោសតាមផ្លូវច្បាប់ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីទីក្រុងនីល ប្រទេសបារាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្ដែនៅពេលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរស្ម័គ្រចិត្តទៅធ្វើជាភ្នាក់ងារផ្សព្វផ្សាយរបស់គេ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?
តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ បានជួយផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលបានរៀបចំឡើយ និងផ្សព្វផ្សាយវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើជាតិកម្ពុជា។
ត្រង់ចំណុចនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាដក ឬក៏ជាការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិរបស់ខ្លួន?។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួយគិត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើង ប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិ ជួយពិចារណាផងចុះ»៕
ដោយ ៖ សិលា