ភ្នំពេញ : ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានជូនដំណឹងដល់សាធារណជនឲ្យដឹងថា រាល់ការសាងសង់លើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លក្ខណៈអចិន្ត្រៃយ៍ ត្រូវបានហាមឃាត់
យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា១២ បានចែងថា ៖ រាល់ការសាងសង់លើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសលើដីចំណីផ្លូវជាលក្ខណៈអចិន្ត្រៃយ៍ ត្រូវបានហាមឃាត់ លើកលែងតែការសាងសង់ក្នុងគម្រោងចាំបាច់មួយចំនួនដូចជា បរិក្ខារបម្រើឱ្យវិស័យការពារជាតិ សន្តិសុខជាតិ បរិក្ខារបម្រើឱ្យការគ្រប់គ្រង ឬការសាងសង់ផ្លូវ និងបរិក្ខារសំណង់សេវាសាធារណៈផ្សេងៗទៀត ដែលត្រូវស្នើសុំការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល តាមសំណើរបស់សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ។
ដីចំណីផ្លូវ អាចប្រើប្រាស់បានសម្រាប់គោលបំណងផ្សេងៗជាលក្ខណៈបណ្តោះអាសន្ន ដោយមិនត្រូវធ្វើប៉ះពាល់ដល់បរិក្ខារ និងសំណង់ផ្សេងៗសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ឡើយ។ ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ត្រូវកំណត់ដោយអនុក្រឹត្យ៕