ខេត្តប៉ៃលិន ៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីឱ្យម្ចាស់ចំការ១កន្លែង ស្រាប់តែកិនប៉ះចំកន្លែងគ្រាប់មីនតោនកប់ក្នុងដី ដែលសេសសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះលាន់ ឮយ៉ាងខ្លាំង និងបណ្តាលឱ្យរងការខូចខាតត្រាក់ទ័រផ្នែកខាងមុខទាំងស្រុង។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ស្ទឹងត្រង់ ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត រស់នៅក្នុងភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានមកស៊ីឈ្នួលបើកត្រាក់ ទ័រឱ្យម្ចាស់ចម្ការម្នាក់ឈ្មោះ ឆែម បូរី ភេទប្រុស រស់នៅក្នុងភូមិខាងលើ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានស៊ីឈ្នួលបើកត្រាក់ទ័រឱ្យបុរសខាងលើជាយូរថ្ងៃមកហើយ។ តែនៅព្រឹកថ្ងៃកើត ហេតុ ជនរងគ្រោះបានទៅបើកត្រាក់ទ័រភ្ជួរដីនៅក្នុងភូមិខាង លើតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ក៏ឈប់សម្រាកហូបអាហារថ្ងៃត្រង់ លុះមួយសន្ទុះក្រោយមក ក៏ចាប់ ផ្តើមឡើងបើកត្រាក់ទ័រភ្ជួរដីបន្តទៀត រហូតដល់ម៉ោង១ជាងរសៀលក៏កិនចំកន្លែងមានគ្រាប់មីនតោន ដែលកប់ក្នុងដីសេសសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើក និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុតែម្តង។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឱ្យដឹងថា ដីចំការមួយកន្លែងនេះ ត្រូវបានម្ចាស់ជួលត្រាក់ទ័រឱ្យចូលទៅភ្ជួររាស់ដាំដំណាំពោតក្រហម និងដំឡូងមីជារៀងរាល់ឆ្នាំមិនខានឡើយ ហើយមិនធ្លាប់មានជួបបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងនោះទេ។
ប្រភពដដែលបន្តទៀតថា ចំណែកខាងភ្នាក់ងារកំចាត់គ្រាប់មីនកម្ពុជា (CMAC) ក៏ចូលទៅរុករាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅត្រង់គោលដៅក្បែរៗនោះរួចរាល់អស់ហើយដែរ។ ប៉ុន្តែ មិនឃើញមានអ្វីសេសសល់នោះឡើយ នេះប្រហែលជាគ្រាប់មីនតោនកប់ក្នុងដីជ្រៅពេកមិនអាចរកឃើញ លុះត្រាក់ទ័រភ្ជួរដីរៀងរាល់ឆ្នាំ ហើយណាមួយដីសើម ធ្វើឱ្យផុងកាន់តែជ្រៅចុះទៅក្រោម លុះមានត្រាក់ទ័របើកបរភ្ជួរដីកិនពីលើចំគ្រាប់មីន ក៏ផ្ទុះយ៉ាងកក្រើកតែម្តង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលសមត្ថកិច្ចជំនាញ និងមន្ត្រីមូលដ្ឋានក៏ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុជូនថ្នាក់លើផងដែរ៕