ភ្នំពេញ ៖ យើងរំលឹកបន្តិច ! អំពី តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នយុត្តិធម៌អន្តរជាតិចំណុះឱ្យអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានបង្កើតឡើងដោយធម្មនុញ្ញ UN ក្នុងឆ្នាំ១៩៤៥។ ស្ថាប័នយុត្តិធម៌នេះ មានវិសាលភាពដោះស្រាយវិវាទរវាងរដ្ឋដែលទទួលសមត្ថកិច្ចខ្លួន ក៏ដូចជាផ្ដល់ការពិគ្រោះយោបល់ទៅលើកិច្ចព្រមព្រៀង និងចង្កោមសកម្មភាពរបស់អង្គការអន្តរជាតិនិងរដ្ឋសមាជិក។
សារព័ត៌មាន ឌីជេថលក្នុងស្រុកមួយ បានសរសេរថា ៖ តើតុលាការ ICJ ជាអ្វី?
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នតុលាការអន្តរជាតិដ៏ធំមួយដែលជាស្ថាប័នចំណុះរបស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានបង្កើតដោយធម្មនុញ្ញរបស់ UN ក្នុងឆ្នាំ១៩៤៥ និងដើរតួនាទីជាស្ថាប័នតុលាការកាត់ក្ដីរបស់ UN។
តុលាការនេះ មានទីស្នាក់ការនៅទីក្រុងឡាអេ របស់ហូឡង់ និងប្រើប្រាស់ភាសាតែ២គត់ក្នុងដំណើរការនៃសវនាការ គឺភាសាអង់គ្លេស និងបារាំង។ ស្ថាប័នយុត្តិធម៌នេះ មានវិសាលភាពដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋ ក៏ដូចជាផ្ដល់ជាយោបល់ពិគ្រោះទៅលើកិច្ចព្រមព្រៀង និងចង្កោមសកម្មភាពរបស់អង្គការអន្តរជាតិនិងរដ្ឋសមាជិក។
រាល់រដ្ឋសមាជិករបស់ UN គឺត្រូវតែជាភាគីពាក់ព័ន្ធ [ipso facto] នៃលក្ខន្តិករបស់ ICJ។ យ៉ាងណាមិញ រដ្ឋដែលមិនមែនជាសមាជិករបស់ UN ក៏អាចក្លាយជាភាគីរបស់លក្ខន្តិក ICJ បានដែរ ក្នុង ករណីទទួលបានសេចក្ដីសម្រេចពីមហាសន្និបាតក្រោមការណែនាំរបស់ក្រុមប្រឹក្សាសន្តិសុខទៅតាមរឿងក្ដីនីមួយៗ។
ដំណើរការសវនាការ ICJ ត្រូវប្រើប្រាស់អនុសញ្ញាអន្តរជាតិដែលមានចែងពីច្បាប់ និងទទួលស្គាល់ដោយរដ្ឋ, ទំនៀមទម្លាប់អន្តរជាតិដែលមានភស្ដុតាងអាចទទួលយកជាច្បាប់បាន, គោលការណ៍ទូទៅនៃច្បាប់ដែលទទួលស្គាល់ដោយរដ្ឋ និងសេចក្ដីសម្រេចរឿងក្ដី ឬអត្ថបទបញ្ញវ័ន្តផ្សេងៗ ដើម្បីជាមូលដ្ឋាននៃភស្ដុតាង និងការកាត់ក្ដី។
រាល់សេចក្ដីសម្រេចទាំងឡាយរបស់តុលាការនេះទៅលើរឿងក្ដីណាមួយ ភាគីជម្លោះ ត្រូវតែអនុវត្តតាមជានិច្ច។ បើសិនជាមានភាគីជម្លោះណាមួយក្នុងរឿងក្ដី មិនអនុវត្តលើកាតព្វកិច្ចដែលតុលាការបានសម្រេច ភាគីម្ខាងទៀតមានសិទ្ធិទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្ដីណែនាំ ឬសម្រេចលើវិធានការណាមួយដែលអនុលោមតាមសេចក្ដីសម្រេចរបស់តុលាការ។
ស្វែងយល់ពីការរៀបចំតុលាការ និងសមាសភាពចៅក្រម
ICJ មានចៅក្រម១៥រូប ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ។ ចៅក្រមនីមួយៗ ត្រូវតែមានសញ្ជាតិខុសៗគ្នា។ ក្នុងករណីមានសញ្ជាតិលើសពីពីរ ចៅក្រមណាមួយនោះ ត្រូវតែកំណត់ឱ្យតំណាងឱ្យសញ្ជាតិនៃរដ្ឋតែមួយគត់ដែលខ្លួនអាចប្រើសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយបាន។
ចៅក្រមរបស់ ICJ ត្រូវការសំឡេងឆ្នោតគាំទ្រ «ភាគច្រើនដាច់ខាត» ពីមហាសន្និបាត [៩៧សំឡេងយ៉ាងតិច] និងពីក្រុមប្រឹក្សាសន្តិសុខ [៩សំឡេងយ៉ាងតិច] របស់អង្គការសហប្រជាជាតិ ដើម្បីអាចទទួលតំណែងពេញសិទ្ធិក្នុងតុលាការ។ ក្នុងការបោះឆ្នោតជ្រើសរើសចៅក្រមនេះ សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខមិនអាចប្រើសិទ្ធិវេតូជំទាស់ឡើយ។
រាល់ចៅក្រមនីមួយៗ ត្រូវតែរើសចេញពីបញ្ជីនៃបេក្ខជនរបស់ក្រមជាតិក្នុង តុលាការ ម ជ្ឈ ត្ត ការ អចិន្ត្រៃយ៍ [PCA]។ សិទ្ធិជាចៅក្រមក្នុងសវនាការនឹងត្រូវដកហូត បើសិនជាចៅក្រមនោះមានសញ្ជាតិនៃរដ្ឋដែលជាភាគីជម្លោះក្នុងសំណុំក្ដីណាមួយដែលត្រូវជំនុំជម្រះ ដោយតុលាការ។
ការជ្រើសរើសចៅក្រម ក៏តម្រូវឱ្យមានសមភាពភូមិសាស្ត្រដែរ ពោលគឺគេរើសចៅក្រម២រូបពីអឺរ៉ុបខាងកើត និងរុស្ស៊ី, ៣រូបពីទ្វីបអាស៊ី, ២រូបពីទ្វីបអាម៉េរិកខាងត្បូង, ៥រូបពីទ្វីបអឺរ៉ុបខាចលិចដែលរួមបញ្ចូលទាំងកាណាដា អាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់, និង៣រូបពីទ្វីបអាហ្វ្រិក។
អាណត្តិរបស់ចៅក្រមនីមួយៗ មានរយៈពេល៩ឆ្នាំ។ ចៅក្រមជាប់នៅអាណត្តិទី១ អាចឈរឈ្មោះក្នុងការបោះឆ្នោតបន្ទាប់។ ចៅក្រម៥នាក់ដែលជាប់ការបោះឆ្នោតដំបូងត្រូវបញ្ចប់ក្នុងពេល៣ឆ្នាំ ហើយចៅក្រម៥នាក់ផ្សេងទៀតត្រូវបញ្ចប់ក្នុងពេល៦ឆ្នាំ ដោយកំណត់តាមការចាប់ឆ្នោតពីសំណាក់អគ្គលេខាធិការ UN។
តុលាការ មានប្រធាន អនុប្រធាន និងក្រឡាបញ្ជី។ ចៅក្រុមទាំង១៥ មានកាតព្វកិច្ចបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានតុលាការសម្រាប់អាណត្តិ៣ឆ្នាំ និងអាចបន្តតំណែងនេះ បើជាប់ឆ្នោតជាថ្មី។ ចំណែកក្រឡាបញ្ជី ត្រូវជ្រើសតាំងដោយដោយតុលាការសម្រាប់អាណត្តិ៧ឆ្នាំ និងមានសិទ្ធិបន្តតំណែងពេលចប់អាណត្តិ។ នេះយោងតាមប្រភព (ថ្មីថ្មី)
លក្ខខណ្ឌដែលតុលាការមានសមត្ថកិច្ច ។
ICJ មានសមត្ថកិច្ចផ្លូវច្បាប់លើការដោះស្រាយវិវាទរដ្ឋនិងរដ្ឋ និងផ្ដល់ការពិគ្រោះយោបល់។ យ៉ាងណាមិញ ដំណើរការយុត្តាធិការរបស់ខ្លួន គឺទាមទារការប្រកាសទទួលស្គាល់យុត្តាធិការរបស់តុលាការ និងកិច្ចព្រមព្រៀងពីភាគីវិវាទដើម្បីបញ្ជូនរឿងក្ដីឱ្យតុលាការវិនិច្ឆ័យ។
នេះមានន័យថា ទាល់តែភាគីជម្លោះទាំងសងខាងឯកភាពដាក់ពាក្យបណ្ដឹងទៅតុលាការ ទើបតុលាការមានយុត្តាធិការ។ មួយវិញទៀត ការបើកសវនាការរបស់ ICJ ទាមទារកូរ៉ុម«ភាគច្រើនដាច់ខាត» ពោលគឺត្រូវការចៅក្រមចូលរួម៩រូបយ៉ាងតិច។
លក្ខខណ្ឌទទួលស្គាល់យុត្តាធិការរបស់ ICJ មានច្រើនសណ្ឋាន។ ទីមួយ គឺការប្រកាសទទួលយក ពីសំណាក់រដ្ឋសាមីមុនពេលមានវិវាទកើតឡើង។ ការប្រកាសឯកតោភាគីពីរដ្ឋសាមីរបៀបនេះ គឺអនុញ្ញាតឱ្យ ICJ អាចយុត្តាធិការនៅពេលរដ្ឋនោះ ដាក់ពាក្យបណ្ដឹងលើរឿងក្ដីអ្វីមួយ។ កម្ពុជា បានទទួលស្គាល់សមត្ថកិច្ច ICJ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥៧ រហូតមកដល់បច្ចុប្បន្ន។ ថៃ ក៏ប្រកាសទទួលសមត្ថកិច្ចកាលពីឆ្នាំ១៩៥០ ដែរ ប៉ុន្តែក្រោយមកក៏ឈប់ទទួលស្គាល់វិញ។
ករណីមួយទៀត គឺនៅពេលដែលកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាមិនថាទ្វេ ឬពហុភាគីរបស់ភាគីជម្លោះ មានចែងច្បាស់ពីការទទួលយកយុត្តាធិការបស់តុលាការ ICJ ពេលមានជម្លោះកើតឡើង។
ក្នុងករណីនេះ រដ្ឋសមាជិកនៃកិច្ចព្រមព្រៀងអាច ប្ដឹងរឿងនេះទៅតុលាការឱ្យកាត់ក្ដី។ ក្រោយមានវិវាទកើតឡើង តុលាការនឹងមានយុត្តាធិការ បើភាគីជម្លោះព្រមព្រៀងដាក់រឿងក្ដីជូនតុលាការ ដោយមានរួមជាមួយនឹងកិច្ចព្រៀងព្រៀងដែលមានបញ្ជាក់ពីការទទួល ICJ ជាស្ថាប័នដោះស្រាយជម្លោះ។
លក្ខខណ្ឌមួយទៀត គឺការព្រមព្រៀងគ្នារវាងភាគីជម្លោះ២ ឬច្រើន ទទួលយកសមត្ថកិច្ចរបស់ ICJ ដើម្បីដោះស្រាយជម្លោះរបស់ខ្លួន។ ករណីសមូហភាពទទួលសមត្ថកិច្ចនេះ គឺមិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអ្វីទេ ដោយភាគីជម្លោះ គ្រាន់តែយល់ព្រមគ្នាយកតុលាការ ICJ មកកាត់ក្ដីឱ្យដឹងខុសត្រូវលើវិវាទ។ ជាឧទាហរណ៍ ភាគីម៉ាឡេស៊ី និងសិង្ហបុរី បានព្រមព្រៀងគ្នាទទួលយកសមត្ថកិច្ចរបស់ ICJ កាលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០០៣ លើជម្លោះដែនកោះក្នុងសមុទ្រចិន។
លក្ខខណ្ឌចុងក្រោយ គឺការប្រើវិធាន Forum Prorogantum ដែលជាវិធានអនុញ្ញាតភាគីជម្លោះម្ខាង អាចប្ដឹងមក ICJ ដោយឯកតោភាគី [មិនចាំបាច់ព្រមព្រៀងពីភាគីជម្លោះម្ខាងទៀត] ដើម្បីទទួលសមត្ថកិច្ចតុលាការ បើមានជម្លោះលើកិច្ចព្រមព្រៀងនោះ។
ក្នុងករណីនេះ ICJ នឹងរៀបចំបណ្ដឹងទៅភាគីរងបណ្ដឹងឱ្យដឹង នឹងបញ្ជាក់ជំហរខ្លួនលើវិវាទ។ បើសិនជាភាគីរងបណ្ដឹងយល់ព្រម ឬមិនឆ្លើយតប តុលាការនឹងដំណើរការសវនាការតែម្ដង។ ប៉ុន្តែបើភាគីរងបណ្ដឹង មិនទទួលស្គាល់លើសមត្ថកិច្ចរបស់តុលាការ នោះ ICJ គ្មានសមត្ថកិច្ចដោះស្រាយវិវាទនោះទេ។
នៅគ្រប់លក្ខខណ្ឌទាំងអស់ តុលាការ ICJ គ្មានសមត្ថកិច្ចបើកសវនាការដើម្បីដោះស្រាយវិវាទជូនភាគីបណ្ដឹងនោះទេ បើសិនជាភាគីរងបណ្ដឹង ប្រកាសមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការ។
ការដោះស្រាយវិវាទដោយតុលាការ
ការដោះស្រាយវិវាទរបស់ ICJ មានដូចជាសវនាការមុខតុលាការផ្ទាល់រវាងតំណាងរបស់ភាគីជម្លោះ និងការចេញសាលដីការពីសំណាក់តុលាការ។ ក្នុងដំណើរការមុខតុលាការ ភាគីវិវាទដែលជារដ្ឋ តម្រូវឱ្យមានទីភ្នាក់ងារអ្នកតំណាង និងទីប្រឹក្សាឬមេធាវី។
នីតិវិធីនៃសវនាការ អាចមានជាការប្រើប្រាស់ឯកសារជាលាយលក្ខណ៍អក្សរដូចជាការផ្លាស់ប្ដូរសារណា សំណេរឆ្លើយតប និងឯកសារផ្សេងទៀត ឬនីតិវិធីឆ្លើយឆ្លងផ្ទាល់មាត់ ដោយអ្នកតំណាង ទីប្រឹក្សា ឬមេធាវីរបស់ភាគីជម្លោះរាងខ្លួនលើកសម្អាង ឬជជែកដេញដោលលើវិវាទឱ្យចៅក្រមស្ដាប់។
ការអនុវត្តនីតិវិធីទាំងពីរនេះ អាចមានករណី«អញ្ញត្រកម្មបឋម»កើតឡើង។ អញ្ញត្រកម្មបឋម ជាសកម្មភាពប្រកែក បដិសេធ ឬជំទាស់ទៅលើសមត្ថកិច្ចរបស់តុលាការពីភាគីរងពាក្យបណ្ដឹង ដោយរារាំងមិនឱ្យតុលាការ វិនិច្ឆ័យដល់អង្គហេតុដូចដែលភាគីបណ្ដឹងបានអះអាងទៅអង្គចៅក្រមក្នុងសវនាការ។ បើករណីនេះកើតឡើង តុលាការត្រូវសម្រេចថាខ្លួនមាន ឬគ្មានសមត្ថកិច្ចមុនសម្រេចដល់អង្គហេតុ។ ក្នុងករណីជម្លោះប្រាសាទព្រះវិហារ ICJ បានចេញសាលដីកានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ ក្រោមពាក្យបណ្ដឹងរបស់កម្ពុជា បើទោះបីជាថៃបដិសេធសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយលើបញ្ហានេះក៏ដោយ។
គួរឱ្យដឹងថា ICJ គោរពគោលការណ៍មួយដែលហៅថា«Non Ultra Petita»នៅរាល់សវនាការ។ គោលការណ៍នេះ គឺជាវិជ្ជាជីវ:របស់តុលាការក្នុងការចេញសាលដីកាដែលឆ្លើយតបទៅនឹងអ្វីដែលភាគីវិវាទបានប្ដឹង ឬស្នើប៉ុណ្ណោះ ដោយមិនឱ្យលើស ឬចូលទៅបញ្ហាដទៃទៀតដែលភាគីជម្លោះមិនបានប្ដឹងទេ។ ក្នុងករណីតុលាការរំលោភគោលការណ៍នេះ ភាគីវិវាទអាចមិនគោរពសាលដីកា ឬប្ដឹងជំទាស់បាន។
ករណីដែលអាចកើតឡើងមួយទៀតគឺ«វិធានការបន្ទាន់»របស់តុលាការដែលមានលក្ខខណ្ឌជាកាតព្វកិច្ច និងត្រូវតែប្រណិប័ត។ វិធានការបន្ទាន់ គឺជាការចេញដីកាសម្រេចពីសំណាក់តុលាការ។ ដីកានេះអាចចេញដោយតុលាការតែឯកឯង ឬចេញដោយមានការស្នើពីភាគីម្ខាង ដើម្បីរក្សាសិទ្ធិ ឬផលប្រយោជន៍ភាគីជម្លោះទាំងសងខាង ដ្បិតជម្លោះអាចបង្កវិនាសកម្ម ឬការបំផ្លាញខ្លាំងក្លា។
ចំពោះការចេញសាលដីកា តុលាការនឹងសម្រេចតាមមតិភាគច្រើនធម្មតា (៨សំឡេងយ៉ាងតិច) ពីចៅក្រមទាំង១៥រូប។ បើសិនជាសំឡេងគាំទ្រ និងបដិសេធបែងចែកស្មើគ្នា នោះសំឡេងប្រធានដែលមានឧត្តមានុភាពជាងគេ ត្រូវសម្រេចលើសាលដីកា។
សាលដីការួមបញ្ជូលទាំងសេចក្ដីសម្រេចរបស់តុលាការ សារណារបស់គ្រប់ចៅក្រម និងសារណាជំទាស់របស់ភាគីទំនាស់ ដែលមានលក្ខណ:ស្ថាពរ និងជាកាតព្វកិច្ចដែលភាគីទាំងអស់ត្រូវតែគោរព។ ក្នុងករណីភាគីវិវាទមិនគោរព ភាគីម្ខាងទៀតអាចប្ដឹងបន្តទៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីឱ្យចេញសេចក្ដីសម្រេចណាមួយបង្ខំឱ្យភាគីនោះ ត្រូវតែអនុលោមតាមសាលដីកា។
ជាក់ស្ដែង មាត្រា៩៤ កថាខណ្ឌ២នៃធម្មនុញ្ញ UN ស្ដីពីការរំលោភលើសាលដីកា ICJ គ្មានការបញ្ជាក់ពីវិធានការ ឬការផ្ដល់យោបល់ពីក្រុមប្រឹក្សាសន្តិសុខទេឱ្យលម្អិតទេ។ មួយវិញទៀត ក្រុមប្រឹក្សាសន្តិសុខក៏មិនដែលអនុវត្តបទបញ្ញត្តិក្នុងមាត្រានេះដែរ។ វិធានការក្នុងមាត្រា និងកថាខណ្ឌនេះ អាចជាការចេញញត្តិថ្កោលទោស ការដាក់គំនាបនយោបាយ ឬទណ្ឌកម្មផ្សេងៗ។
រឿងក្ដី ICJ ឆ្នាំ១៩៨៤ រវាងអាម៉េរិក និងនីការ៉ាហ្កា
សវនាការបស់ ICJ ដ៏ល្បីមួយគឺរវាងអាម៉េរិក និងនីការ៉ាហ្កា។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៨៤ នីការ៉ាហ្កា បានដាក់បណ្ដឹងទៅ ICJ ពាក់ព័ន្ធនឹងសកម្មភាពប្រឆាំង និងគាំទ្រក្រុមប្រឆាំងលើរដ្ឋាភិបាលខ្លួនពីសំណាក់យោធាអាម៉េរិកនៅលើទឹកដីប្រទេសខ្លួន។
ក្នុងសវនាការ អាម៉េរិក បានរងការចោទប្រកាន់ពីភាគីនីការ៉ាហ្កាលើការផ្ដល់ជំនួយទៅក្រុមទ័ពព្រៃ Contras ដោយផ្ទាល់ ដើម្បីដាក់គំនាបលើក្រុមនយោបាយឆ្វេងនិយម Sandinistas ដែលចាត់ទុកជាទង្វើរំលោភអធិបតេយ្យរបស់នីការ៉ាហ្កា។ មួយវិញទៀត នីការ៉ាហ្កា បានចោទអាម៉េរិកថាបានវាយប្រហារទាំងលើដី ក្នុងសមុទ្រ និងលើអាកាសទៅលើទឹកដីខ្លួន។ សកម្មភាពទាំងនេះ សុទ្ធតែរំលោភលើច្បាប់អន្តរជាតិជាច្រើនពីសំណាក់អាម៉េរិក។
ចំណែកភាគីអាម៉េរិក បានអះអាងថា ICJ គ្មានសមត្ថកិច្ចលើវិវាទ ដ្បិតរដ្ឋខ្លួន និងនីការ៉ាហ្កា ជាសមាជិកក្រោមធម្មនុញ្ញ UN ក៏ដូចជាក្រោមធម្មនុញ្ញរបស់អង្គការរដ្ឋអាម៉េរិក [OAS] ដូចគ្នា ដែលទាមទារឱ្យរដ្ឋសមាជិកផ្សេងទៀតចូលខ្លួនដោះស្រាយដែរ។ មួយវិញទៀត អាម៉េរិក ចោទថាបណ្ដឹងត្រូវបានរៀបចំ និងរក្សាទុកដោយនីការ៉ាហ្កា ដែលធ្វើឱ្យតុលាការគ្មានសមត្ថកិច្ចចេញសាលដីកាផ្អែកលើបណ្ដឹងនោះឡើយ។
ទោះជាយ៉ាងណាក្ដី អាម៉េរិក រងការចោទប្រកាន់ថាបានរំលោភលើមាត្រា២នៃធម្មនុញ្ញ UN, មាត្រា១៨ និងមាត្រា២០នៃធម្មនុញ្ញ OAS, និងមាត្រា៨នៃអនុសញ្ញាស្ដីពីច្បាប់ និងកាតាព្វកិច្ចរបស់រដ្ឋ។
ក្រោយសវនាការ តុលាការបានចេញសាលដីកាថាពិតជាមានទំនាក់ទំនងរវាងក្រុមទ័ពព្រៃ Contras និងរដ្ឋាភិបាលអាម៉េរិក ក៏ដូចជាការរួមចំណែកកេណ្ឌសមាជិក និងផ្ដល់អាវុធទៅក្រុមទ័ពនេះពីភាគីអាម៉េរិកដែលបង្កឱ្យមានអំពើហិង្សានៅនីការ៉ាហ្កា។ បន្ថែមពីនេះ ទាហានជើងទឹក និងដែនអាកាសអាម៉េរិក បានឆ្លងចូលដែនដីនីការ៉ាហ្កាដោយគ្មានការអនុញ្ញាត ដែលជាភស្ដុតាងនៃការរំលោភអធិបតេយ្យរបស់ប្រទេសនេះ។
បន្ទាប់ពីចាញ់ក្ដី អាម៉េរិក បានបដិសេធមិនផ្ដល់សំណងការខូចខាតទៅនីការ៉ាហ្កា និងបានបិទការតវ៉ាទៅក្រុមប្រឹក្សាសន្តិសុខ UN លើនីការ៉ាហ្កាផងដែរ។ អាម៉េរិក ក៏បានដកសេចក្ដីប្រកាសនៃយុត្តាធិការចាំបាច់របស់ខ្លួនដោយលែងទទួលស្គាល់សមត្ថកិច្ចរបស់ ICJ ចាប់ពីឆ្នាំ១៩៨៦ រហូតមកដល់បច្ចុប្បន្ន។
ការផ្ដល់យោបល់ពិគ្រោះ (Advisory Opinion)
ការផ្ដល់យោបល់ពិគ្រោះ គឺជាសកម្មភាពរបកស្រាយរបស់ ICJ ដែលមានលក្ខណ:ជាយោបល់ទៅលើនីតិវិធីនៃសកម្មភាពអង្គការ និងបទបញ្ញត្តិ ឬមាត្រានៃកិច្ចព្រមព្រៀងអ្វីមួយ។ ការផ្ដល់យោបល់នេះ មាននីតិវិធីដូចការដោះស្រាយវិវាទ ប៉ុន្តែយោបល់ដែលចេញដោយ ICJ គ្មានលក្ខណ:ជាកាតព្វកិច្ចដែលត្រូវតែអនុវត្តទេ។
ការស្នើសុំយោបល់ពិគ្រោះពី ICJ គឺជាតួនាទីផ្ទាល់របស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ។ ស្ថាប័នក្រោមចំណុះរបស់ UN ដទៃទៀត ទាមទារឱ្យមានសេចក្ដីសម្រេចដែលអនុញ្ញាតដោយមហាសន្និបាតជាមុនសិន ទើបអាចស្នើយោបល់ពិគ្រោះទៅ ICJ បាន។ រដ្ឋជាសមាជិក មិនមានតួនាទីស្នើយោបល់ពិគ្រោះទៅតុលាការទេ។
ជាទូទៅ យោបល់ពីគ្រោះអាចជាការស្នើឱ្យ ICJ បកស្រាយលើមាត្រា ឬបទប្បញ្ញត្តិដែលមានក្នុងសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងណាមួយដែលចេញជាធរមាន។ មួយវិញទៀត យោបល់ពិគ្រោះអាចជាការស្នើឱ្យបកស្រាយបញ្ហាគតិយុត្តិលើចង្កោមសកម្មភាពនៃអង្គការអន្តរជាតិទាំងនោះជាមួយសមាជិក។ ICJ ក៏មានសិទ្ធិច្រានចោលការស្នើសុំពិគ្រោះយោបល់បានដែរ បើសិនសំណើស្ថិតក្រៅក្របខណ្ឌនយោបាយ និងបញ្ហាចោទ ឬបើសិនអាចបង្កជាជម្លោះរដ្ឋ ។
សូមបញ្ជាក់ថា ៖ កម្ពុជា ឈ្នះ ក្ដី លើភាគីថៃ ពាក់ព័ន្ធ សំណុំរឿងប្រាសាទ ព្រះវិហារ ដែលអំណាច សាលដីកា របស់ តុលាការ យុត្តិធម៌ អន្តរជាតិ បានកំណតឲ្យភាគីថៃត្រូវ តែដកយោធា និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួនចេញ ពីតំបន់មានជម្លោះ នៅត្រង់ប្រាសាទ ព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។
សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ បានទុក ពេល១០ ឆ្នាំឲ្យភាគី ថៃតវ៉ាបើមិនសុខចិត្ត នឹងសេចក្ដីសម្រេចនេះទេ។ ចាប់តាំងពី អំណាចសាលដីកា នេះបានចូលជាស្ថាពរ គឺ ភាគីថៃ ពុំបានតវ៉ាអ្វីឡើយ។ ទាក់ទិនរឿង នេះក្នុងកិច្ចប្រជុំសភាថៃ កាលពីឆ្នាំ ២០០៨ អតីតនាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែងថា ក្នុងចន្លោះ នៃអំណាចសាលដីកានេះ គឺពុំ មានអ្នកនយោបាយថៃ តវ៉ាប្រឆាំង សេចក្ដី សម្រេចនេះម្ដងណាឡើយ។ រីឯទង់ជាតិ របស់កម្ពុជាវិញ បានដាក់លើប្រាសាទព្រះវិហារនេះ ជាយូរឆ្នាំមកហើយដែលពុំមាន ការតវ៉ាអ្វីសោះ ៕
ដោយ ៖ សិលា