៥ខែដំបូងឆ្នាំនេះ ថៃនាំមកកម្ពុជា មានតម្លៃជិត ១,៥ ពាន់លានដុល្លារ រីឯកម្ពុជានាំចេញទៅថៃមានទំហំទឹក ប្រាក់ ៣៩៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល ៥ខែដំបូង ឆ្នាំ២០២៥នេះកម្ពុជា បាននាំទំនិញចេញទៅប្រទេសថៃ មានតម្លៃទឹកប្រាក់សរុប ៣៩៥លានដុល្លារអាម៉េរិក កើនឡើង ១,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលនេះ បង្ហាញទៀតថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ កម្ពុជា បាននាំចូលមុខទំនិញនានាពីប្រទេសថៃ ត្រឡប់មកវិញ មានទំហំទឹកប្រាក់រហូតដល់ទៅ ១,៤៨ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះ កើនឡើង ១០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងអំឡុងពេលនេះ គឺកម្ពុជា មានឳនភាពពាណិជ្ជកម្មជាមួយថៃ ក្នុងទំហំទឹកប្រាក់ប្រមាណ ១.០៨៥លានដុល្លារអាម៉េរិក ឬស្មើនឹងជិត ៤ដង។

ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅថៃភាគ ច្រើន មានដូចជា ផលិតផលកសិកម្ម ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅពីនេះក៏មានផលិតផលគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។

ដោយឡែកមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសថៃ ភាគច្រើន រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារសំណង់ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភាគីថៃ បានរឹតបណ្តឹង (បន្ថយម៉ោងចេញ-ចូល) និងបិទច្រកទ្វារព្រំដែនមួយចំនួនដោយឯកតោភាគីជាមួយប្រទេសកម្ពុជា ក្រោយពីមានភាពតានតឹងប្រ ឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរតាមបន្ទាត់ព្រំដែន តំបន់មុំបី ដែលបង្កឡេីងដោយយោធាថៃ។

បន្ទាប់ពីភាគីថៃ បានរឹតបណ្តឹង និងបិទច្រកព្រំដែនមួយ ចំនួនដោយឯកតោភាគីនេះ កាលចុងសប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានរំលឹកដល់ប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិន មែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះ ស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជ រដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ។

តាមតួលេខពាណិជ្ជកម្ម ឆ្នាំ២០២៤ កម្ពុជានាំចេញទៅថៃជាង ១,១ពាន់លានដុល្លារអាម៉េរិក ឯថៃនាំចូលមកកម្ពុជាជាង ៥,២ពាន់លានដុល្លារអាម៉េរិក គឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤,១ពាន់លានដុល្លារអាម៉េរិក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print