ខេត្តកណ្ដាល÷ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លេីយតបជូនសាធារណជន ទៅនឹងគេហទំព័រ Hero Man News ទាន់ហេតុការណ៍ បានចុះផ្សាយមានខ្លឹមសារថា៖ អួតខ្លួនឯងជាមន្ត្រី ប៉ុន្តែគ្មានឯក សណ្ឋាន និងពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ ប្រើសម្ដីគ្មានសីលធម៌ វិជ្ជាជីវៈជាមន្ត្រីសោះ សូមគោរពជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយពិនិត្យមើល កូនចៅក្រោមឱវាទផងទាន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នង ការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានខាងលើ ជាលទ្ធផល៖
កាលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៤:១៥ នាទី នៅវត្តឈូកក្រពុំ ស្ថិតនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មានព្រះសង្ឃ១អង្គគង់ក្នុងវត្តឈូកក្រពុំ បានបារាជិក (លួចលាក់មានស្នេហាជាមួយនារីម្នាក់) ត្រូវបានចៅអធិការវត្តតាមទាន់រួចឃាត់ប្រគល់ឱ្យ វត្តអង្គពពាយមានជ័យ ស្ថិតនៅភូមិត្រពាំង ផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាសាលាអនុគណស្រុកអង្គស្នួល ដេីម្បីអនុវត្តវិន័យសង្ឃ។
ដោយមានសំណូមពរពីចៅអធិការវត្តអង្គពពាយមាន ជ័យ ព្រះអនុគណស្រុក ឱ្យកម្លាំងសមត្ថកិច្ចសួរនាំនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។ លោកអធិការនគរបាលស្រុកអង្គស្នួល បានចាត់កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជននិងយេនឌ័រ រួមដំណេីរដោយលោកវរសេនីយ៍ត្រី រេន រដ្ឋា នាយផ្នែកនគរបាលយុត្តិធម៌ និងលោកអនុសេនីយ៍ឯក ប៊ុន វិសាល នាយផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់វត្តអង្គពពាយមានជ័យ សួរបំភ្លឺនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។ ករណីនេះពុំមានការប្តឹងផ្តល់ទេ ចំណែកព្រះសង្ឃបារាជិក ត្រូវបានសាលាអនុគណផ្សឹកចេញចាកផ្នួស។
ក្នុងហេតុការណ៍នេះ ក៏មានអ្នកសារព័ត័មានចំនួនបីនាក់ភេទប្រុស ក្នុងស្ថានភាពស្រវឹងស្រា បានចុះទៅដល់វត្តឈូកក្រពុំ ហេីយតាមមកដល់វត្តអង្គពពាយមានជ័យ ដេីម្បីយកព័ត៌មាន។ ពេលមកដល់វត្តអង្គពពាយមានជ័យ អ្នកសារព័ត៌មានបានយកទូរសព្ទថត ពេលនោះមានព្រះសង្ឃនៅវត្តអង្គពពាយមានជ័យ បានប្រាប់មកលោកវរសេនីយ៍ត្រី រេន រដ្ឋា ដេីម្បីជួយហាមអ្នកសារព័ត៌មានកុំឱ្យថត ពេលនោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានទូលទៅព្រះសង្ឃវិញថាការងារនេះជាសិទ្ធិរបស់ព្រះសង្ឃ បេីគ្មានការអនុញ្ញាតគឺប៉ះពាល់ដល់សិទ្ធិបុគ្គលហេីយ។ ពេលនោះស្រាប់តែអ្នកសារព័ត៌មាន ខឹងច្រឡោតជាមួយលោកវរសេនីយ៍ត្រី រេន រដ្ឋា និងបានបដិសេធថាមិនបានថតទេ និងស្រែកសំឡុតខ្លាំងៗ ចំណែកលោកវរសេនីយ៍ត្រី រេន រដ្ឋា ក៏ប្រាប់ទៅវិញថាមិនបានចោទថាអ្នកសារព័ត៌មានបានថតនោះទេ គាត់និយាយតែជាមួយសង្ឃទេ ហេីយបេីថតកុំថតប៉ូលីស ព្រោះប៉ូលីសមិនអនុញ្ញាតទេឱ្យថតទេ ទេីបធ្វេីឱ្យមានទាក់ពាក្យសំដីខ្លាំងដាក់គ្នា។ ដោយឮសំដីអ្នកសារព័ត៌មានស្រែកសំឡុតខ្លាំងៗ ទេីបលោកវរសេនីយ៍ត្រី រេន រដ្ឋា និយាយថាបងទៅប៉ះជាមួយសមត្ថកិច្ចស្រុកណាខ្ញុំអត់ដឹងទេ តែបេីប៉ះជាមួយសមត្ថកិច្ចស្រុកអង្គស្នួលមិនបានទេ រួចក៏ដេីរចេញទៅ។
ចំពោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានស្លៀកពាក់ស៊ីវិលមិនបានពាក់ឯកសណ្ឋាននគរបាលជាតិ ពេលចុះបំពេញភារកិច្ចនោះ។
អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជេីញលោកវរសេនីយ៍ត្រី រេន រដ្ឋា មកធ្វេីការអប់រំតាមវិន័យកងកម្លាំងនគរបាលបាតិ លេខ៨៧៣។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ៕