ក្រសួងព័ត៌មាន មានវិធានការលើអ្នកផលិតមាតិកា ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម និង TikTok

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថាសម្រាប់ការផ្សាយមាតិកា ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនៅក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុនMeta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុនblock ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standard ផងដែរ។

ក្នុងនោះដែរក្រសួងព័ត៌មាន បានរម្លឹកថា ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក។ សម្រាប់ជាការបូកសរុបមួយ មកទល់ពេលនេះការគ្រប់គ្រងព័ត៌មាន ការផ្សាយព័ត៌មានស្តីពីប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជនក្នុងប្រទេសកម្ពុជា ជារួម បានប្រព្រឹត្តទៅដោយក្រមសីលធម៌ និងតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្កហានិភ័យដល់សន្តិសុខជាតិ។
ទោះជាយ៉ាងណាក៏ដោយ មានការផ្សាយដោយសារព័ត៌មានមួយចំនួនតូច ដែលនៅពុំទាន់អនុវត្តតួនាទីខ្លួនបានត្រឹមត្រូវនៅឡើយ ហើយជាការដើរខុសគន្លងនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ដែលក្រសួងព័ត៌មានបានកត់ត្រា ចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះ មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។
ហើយក្នុងចំណោមហ្នឹងក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ ហើយមូលហេតុចម្បងគឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ។
សូមបញ្ជាក់ថា ៖ លេខាធិការដ្ឋាន គ.ស.ព.ស. បានលើកថា ៖ ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ» ។

សូមរំលឹកថា ៖ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូ អំពីការលុបលេណដ្ឋានដើម្បីដកទ័ពថយ ឯទាហាននៃភាគីម្ខាងទៀតធ្វើការសម្រុកចូលក្នុងដែននៃបូរណភាពទឹកដីកម្ពុជា គឺជា «ព័ត៌មានក្លែងបន្លំ។

គ.ស.ព.ស. បានគូសបញ្ជាក់ថា ការបង្ហោះផ្សាយនេះគឺជាការផ្សាយដោយចេតនាទុច្ចរិតបំពុលសង្គមរបស់ក្រុមអគតិដែលតែងរិះរកគ្រប់ឧបាយកលញុះញង់ បំភ្លៃ បំភ័ន្ត និងបំផ្លើសដើម្បីបង្កអរិភាពជាមួយប្រទេសជិតខាង កេងចំណេញនយោបាយ និងបំបាក់ទឹកចិត្តកងទ័ព។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋកុំយល់ច្រលំ និងបញ្ឈប់ការចែករំលែកវីដេអូនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print