សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា ប្រទេសរបស់លោក នឹងឈរនៅជាមួយទីក្រុងមូស្គូជានិច្ច។
ក្នុងសារអបអរឱកាសបុណ្យឯករាជ្យជាតិរបស់ប្រទេសរុស្ស៉ី លោក គីម បានហៅលោក ពូទីន ថាជា «សមមិត្តសម្លាញ់» និងបានសាទរទំនាក់ទំនងទ្វេភាគីថាជា ទំនាក់ទំនងពិតប្រាកដមួយរវាង «សមមិត្តរួមអាវុធ»។ បើតាម KCNA លោក គីម បានលើកឡើងថា «រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងរូបខ្ញុំផ្ទាល់ មានឆន្ទៈយ៉ាងមុតមាំជាទីបំផុត ដើម្បីបន្តទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី»។
បើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃពុធរបស់ KCNA លោក គីម បានផ្ញើការអបអរសាទរថ្ងៃបុណ្យឯករាជ្យរុស្ស៉ីទៅកាន់ លោក ពូទីន។ កាលពីចុងខែមេសាឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន តាមបញ្ជាផ្ទាល់របស់លោក គីម ជុងអ៊ុន៕
រូបថត: KCNA