ខេត្តព្រះសីហនុ ÷នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ Regatta បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៦០០នាក់ ស្មើនឹង ២៧សញ្ជាតិ បានចូលសុំចតធ្វើនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយ:ពេលមួយថ្ងៃ ក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Regatta មានសញ្ជាតិ Marshall Island f មានបណ្តោយ ១៨០. ៤៥ម៉ែត្រ ទទឹង២៥.៤៦ម៉ែត្រ ជម្រៅទឹក ៦.៨២ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៦២៨នាក់ ស្រី៣២៨នាក់ស្មើនឹង២៧ សញ្ជាតិនិងមាននាវិកសរុបចំនួន ៣៩៨នាក់ ស្រី ៨៤នាក់ ស្មើនឹង ៣៩សញ្ជាតិ។ នាវាទេសចរណ៍ Regatta បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទី និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Regatta ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៣៨០នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងអំឡុងពេលនាវាទេសចរណ៍បរទេសចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរបរទេសបានធ្វើដំណើមកពីខេត្តសៀមរាប ចេញតាមនាវាមានចំនួន ០៤នាក់ ស្រី ០២នាក់ ស្មើនឹងពីរសញ្ជាតិ។
ភ្ញៀវទេសចរបានធ្វើដំណើរទៅទស្សនាភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូប សំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សង្កាត់រាម និងវត្តបិត ត្រាំង សង្កាត់បិតត្រាំង ក្រុងកំពង់សោម។ ក្នុងដំណើរចូលចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីរដ្ឋបាលក្រុង ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕