ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតបានរងរបួសបន្ទាប់ពីជិះឌុបគ្នាទៅកន្លែងធើ្វការក្នុងល្បឿនលឿន ជ្រុលបុករថយន្តបត់ទទឹងផ្លូវកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AC-2985 ឌុបគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-5926 កំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យភាគីខាងម៉ូតូបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីឬឯអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ៖សុខាសែនជ័យ